បើទោះជាត្រូវបាន Facebook បដិសេធ ផ្តល់រង្វាន់ជាទឹកប្រាក់ 500 USD ចោយសារតែបានរកឃើញនូវចន្លោះប្រហោង (ងាយស្រួល Hack) ប៉ុន្តែ Khalil Shreateh នៅតែត្រូវបានសាធារណជនគាំទ្រ និងបង្ហាញអារម្មណ៍ឲ្យដឹងថា Shreateh គួរតែបានច្រើនជាងនេះ ថែមទៀត។

អ្នកជំនាញបច្ចេកវិទ្យា ជនជាតិ Palestine បានប្រកាសឲ្យដំណឹងដល់ Facebook ស្តីពីចន្លោះប្រហោងដែលអាចឲ្យអ្នកដទៃ (អ្នកណាក៏បាន) អាចបង្ហោះនូវខ្លឹមសារផ្សេងៗនៅក្នុង Timelineរបស់សមាជិកផ្សេងទៀតបាន បើទោះជាសមាជិកទាំងនោះ បានធ្វើជាមិត្ត (Friend) ឬមិនទាន់ធ្វើជាមិត្តជាមួយពួកគេ ក៏ដោយ។ ប៉ុន្តែ ក្រុមវិស្វកររបស់បណ្តាញទំនាក់ទំនងសង្គមដ៏ធំជាងគេនេះ បាននិយាយថា នោះមិនមែនជា ចន្លោះប្រហោង កំហុស នោះទេ ដូច្នេះហើយទើបលោក Shreateh បានចូលសរសេររៀបរាប់ពី ចន្លោះប្រហោង នេះ នៅក្នុងគណនីរបស់លោក Mark Zuckerberg CEO របស់ Facebook តែម្តង។

ក្រោយមក Facebook ទទួលស្គាល់ថា វាពិតជាមានកំហុសមែន ហើយក៏ធ្វើការទាក់ទងទៅលោក Shreateh ប៉ុន្តែបានបដិសេធផ្តល់រង្វាន់ទឹកប្រាក់ដល់គាត់។

ទង្វើរបស់ Facebook ត្រូវបានសហគមន៍ hacker វាយតំលៃថា មិនល្អ ឡើយ ដោយហេតុថាការរកឃើញរបស់ Shreateh បានជួយឲ្យមនុស្សជាច្រើន ចៀសផុតពីការស្មុគស្មាញ (រំខាន) ពេលត្រូវបានគេ spam  គណនី ដោយការសរសេរខ្លឹមសារ, រូបភាព, វីដេអូផ្សេងៗ ដែលអ្នកប្រើប្រាស់ម្ចាស់គណនី មិនចង់បាន។

/

ដូច្នេះហើយ ទើបលោក Marc Maiffret នាយកផ្នែកបច្ចេកវិទ្យារបស់ ក្រុមហ៊ុន Beyond Trustបានប្រារព្ធធ្វើ កម្មវិធីរៃអង្គាសមួយនៅលើគេហទំព័រ GoFundMe ក្នុងគោលបំណងស្វែងរកទឹកប្រាក់ចំនួន 10.000 USD (១ម៉ឺនដុល្លារ) ជូនលោក Shreateh។ ដោយប្រើរយះពេលតែ ២៤ ម៉ោងប៉ុណ្ណោះ ចំនួនទឹកប្រាក់បានឡើងហួស កំរិតដែលចង់បាន ទៅទៀត ពោលគឺទទួលបានចំនួន10.730 USD ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VExpress