យូអិន៖ មន្រ្តីជាន់ខ្ពស់ មួយរូបរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេស អ៊ីរ៉ាក់ បាន និយាយនៅថ្ងៃចន្ទ ដោយបានថ្កោលទោស យ៉ាងខ្លំាង ទៅលើការវាយប្រហារ នៅភាគខាងជើង ទីក្រុងគីគុគ របស់អ៊ីរ៉ាក់ កាលពីរាត្រីថ្ងៃអាទិត្យ បណ្តាលឲ្យមាន អ្នកស្លាប់ យ៉ាងហោចណាស់ ៤៧នាក់ និងអ្នករងរបួស ច្រើនជាង ១១០នាក់។ នេះបើតាមការលើកឡើងរបស់ អ្នកនាំពាក្យយូអិន លោក ម៉ាទីន ណេសឺគី។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២ថា លោក ម៉ាទីន កូបប្ល័រ តំណាងពិសេសរបស់យូអិន ប្រចាំនៅអ៊ីរ៉ាក់ បានថ្កោលទោស យ៉ាងខ្លំាង ចំពោះការវាយប្រហារ បណ្តាលឲ្យបាត់បង់អាយុជីវិត មនុស្សរាប់សិបនាក់ នៅក្នុងប្រទេស អ៊ីរ៉ាក់កាល ពីថ្ងៃអាទិត្យ។

លោក កូបប្ល័របាននិយាយថា «ការវាយប្រហារនេះជាជម្លោះផ្ទៃក្នុងដែល កើតឡើងក្នុងតំបន់»។ លោកបានអំពាវនាវ ឲ្យគ្រប់ភាគីត្រូវភ្ជាប់ ឲ្យមាន ការពិភាក្សាគ្នាឡើង ដើម្បីជំរុញការងារ ក្នុងការ កាត់បន្ថយស្ថានការណ៍ តឹងតែង ហើយយូអិនបានត្រៀម ជំហរខ្លួនរួចហើយ ក្នុងការជួយ ប្រសិន បើសម្នើ ត្រូវបានគេធ្វើឡើងនោះ ។

គួរបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃអាទិត្យ មានការវាយប្រហារបាន កើតឡើងនៅក្នុង ទីក្រុង និងទីប្រជុំជាច្រើន របស់អ៊ីរ៉ាក់ ក្នុងនោះរួមទំាងវិហារ ឥស្លាមរបស់ពួកនិកាយ ស៊ីអ៊ីត និង សា្ថនីយវិទ្យុក្នុងតំបន់ ទៀតផង ដែលការវាយប្រហារនេះ បានកើតឡើងក្នុងព្រឹត្តិការណ៍ រំឮកខួប នៃការដក ចេញរបស់ យោធាអាមេរិក ពីប្រទេសនៅមជ្ឈិមបូព៌ា៕

/

ដោយ៖ ដើមអំពិលផ្តល់សិទិ្ធដោយ៖ ដើមអំពិល