នៅក្នុងពិភពបច្ចេកវិទ្យា អាចនឹងមានការប្តឹងផ្តល់គ្នាដ៏រង្គោះរង្គើមួយទៀត ប៉ុន្តែលើកនេះតួឯក គឺមិនមែន Apple និង Samsung ទៀតឡើយ គឺ Nokia ជាមួយនឹង HTC។
ការប្តឹងផ្តល់នេះ បើសិនជាមានមែន វាគឺជាការប្តឹងដ៏ចម្លែកមួយក្នុងពិភពបច្ចេកវិទ្យា ព្រោះថាទាំង Lumia 820 និង HTC 8X សុទ្ធតែមិនទាន់បង្ហាញខ្លួនជាផ្លូវការ។ ទន្ទឹមនឹងនោះ ប្រព័ន្ធប្រ-តិបត្តិការដែលស្មាតហ្វូនទាំងពីរប្រើប្រាស់(Window Phone 8) ក៏មិនទាន់មានអ្នកណាបានប្រើដោយផ្ទាល់ដៃនៅឡើយ។

HTC 8X មានការរចនាម៉ូដដូច Nokia Lumia 820
HTC បានបង្ហាញស្មាតហ្វូនប្រើ Windows Phone របស់ខ្លួនកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានឈ្មោះថា HTC 8X និង 8S នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយដែលមានទាំងវត្តមានរបស់ CEO Microsoft - Steve Ballmer ទៀតផង។ ក្នុងនោះ HTC 8X មានរូបរាងដូចនឹង Lumia 820 របស់ Nokia ដែលបានដាក់បង្ហាញខ្លួនពីរសប្តាហ៍មុន HTC។
តាមប្រភពដ៏ស្និទ្ធស្នាលរបស់ Nokia បានឲ្យដឹងថាៈ “Nokia កំពុងរង់ចាំការបញ្ជា ហាមដាក់លក់ស្មាតហ្វូន HTC 8X លើទីផ្សារមួយចំនួន នៅពេលដែលស្មាតហ្វូននេះដាក់លក់ជាផ្លូវការនៅខែវិច្ឆិកាខាងមុននេះ។ ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់បានឲ្យដឹងថា អេក្រង់និងការរចនាម៉ូដរាងកោងនៅផ្នែកនៃជ្រុងទូរស័ព្ទរបស់ HTC 8X គឺបានចំលងពី Lumia 820 របស់ Nokia។
ខាង HTC មិនទាន់មានប្រតិកម្មណាមួយជាមួយពាក្យសំដីខាងលើរបស់ Nokia នៅឡើយទេ។ ក្រុមហ៊ុនទូរស័ព្ទទាំងពីរនេះ នឹងដាក់លក់ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8 របស់ខ្លួននៅខែវិច្ឆិកាខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ Zng