រតនគិរី៖ ជនសង្ស័យ ដែលពូកែ ខាងបាញ់បោះសេរី នាពេលកន្លងទៅ ឈ្មោះ សាត សឿន ហៅសឿន ផែនដី បានបាញ់ជាង១០គ្រាប់ នៅខាងមុខ ហាងខារ៉ាអូខេ ពន្លកមាស ស្ថិតនៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង កាលពីវេលាម៉ោង ៩៖១៥នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ ដោយសារតែខឹង ហៅនារីបម្រើ ខារ៉ាអូខេមិនព្រមមក ។
តែចំពោះករណីនេះ សមត្ថកិច្ច អាវុធហត្ថ ដែលចុះទៅឃាត់ខ្លួន ជនបង្កខាងលើនេះ ទំនងដោះលែង ពីព្រោះខ្លាច អំណាចលោក សឿន ផែនដី ។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ ជនបង្ក បានជិះ រថយន្តមួយគ្រឿង អមដោយនារី ចំនួន៣នាក់ មកច្រៀងនៅហាងខារ៉ាអូខេ ខាងលើនេះ រួចហើយបានឲ្យស្រ្តីជាមេកា ហៅនារីម្នាក់ ឈ្មោះ ស្រីនាង ប៉ុន្តែនារីរូបនេះជាប់ បម្រើភ្ញៀវផ្សេង ទើបធ្វើឲ្យជននេះ ចេញពីបន្ទប់លេខ៨៨៨ មកក្រៅ ហើយបើកទ្វារ រថយន្តទាញកំាភ្លើងបាញ់ចំនួន៧គ្រាប់ ។
ក្រោយបង្កការផ្ទុះអាវុធហើយ ជនសង្ស័យរូបនេះ បានចូលទៅក្នុងហាងវិញ ហើយសួររក នារីឈ្មោះស្រីនាង ដដែល តែត្រូវស្រ្តីមេកាប្រាប់ថា ជាប់រវល់ ស្រាប់តែពេលនោះ សឿនផែនដី បានចេញមកក្រៅម្តងទៀត ហើយទាញកាំភ្លើងបាញ់ចំនួន៦គ្រាប់ ទៀត បង្កឲ្យមានការភ្ងាក់ផ្អើលទូទាំងក្រុងបានលុង ។
ភ្លាមៗនោះ សមត្ថកិច្ច រួមមាននគរបាល និងអាវុធហត្ថ បានចេញមកជួយអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួនជននេះ យកទៅសួរនាំបាត់ទៅ។
ប៉ុន្តែតាមការលួចបង្ហើប របស់មន្រ្តីអាវុធហត្ថម្នាក់ បានឲ្យដឹងថា សមត្ថកិច្ច នឹងដោះលែង ជននេះដូច្នេះថ្នាក់ដឹកនាំខេត្តជួយមើលករណីនេះផង៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល