ព័ត៌មានអន្តរជាតិ ៖ Abbott ក្រុមហ៊ុនអាហាររូបត្ថម្ភប្រទេសវវៀតណាម បានធ្វើការសំរេចចិត្តក្នុងការប្រមូលផលិតផល ម្សៅទឹកដោះគោត្រលប់មកវិញ ( Similac Gain Plus Eye – Q ជាប្រភេទទឹកដោះប្រើសម្រាប់កូនតូចវ័យពី ១ ឆ្នាំទៅ ៣ ឆ្នាំ ) បន្ទាប់ពីមានការសង្ស័យថាអាចនឹងមានផ្ទុកសារធាតុពុល (Clostridium Botulinum germ) ដែលអាចធ្វើអោយសាច់ដុំខ្វិន ។
គួររំឭកផងដែររថា ក្រុមហ៊ុនមួយនេះ បានធ្វើការចែកចាញផលិតផលទឹកដោះគោម៉ាកនេះបន្ទាប់ពីមានការនាំចូល ពីប្រទេសញ៉ូវសេឡេន ដោយខ្លួនបានចេញសេចក្កី ថ្លែងការណ៍អោយដឹងថា ម្សៅទឹកដោះចំនួន ១០,១៣៥ កំប៉ុងក្នុងចំណោម ១២,៩២៧ កំប៉ុងត្រូវបានប្រមូលត្រលប់ចូលឃ្លាំងវិញហើយ បន្ទាប់ពីបានធ្វើចរាចរណ៍ ទៅលើទីផ្សារប្រទេសវៀតណាម។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Do Thai Vuong ជាប្រធានទំនាក់ទំនងសហប្រតិបតិ្តការមកពី Abbott ក្រុមហ៊ុនអាហាររូបត្ថម្ភប្រទេសវវៀតណាម បានអះអាងបន្ថែមអោយដឹងថា រាល់អតិថិជនទាំងអស់ ដែលបានជាវម្សៅទឹកដោះគោ Similac Gain Plus Eye – Qយកទៅប្រើប្រាស់ លោកអ្នកអាច ធ្វើការប្តូរយកថវិការវិញបានជាមួយនឹងតំណាងចែកចាយរបស់ក្រុមហ៊ុន ឬក៏ទូរស័ព្ទហៅទៅកាន់លេខ 19001519 ដើម្បីធ្វើការសាកសួរព័ត៌មានលម្អិត។

បើយោងទៅតាមមជ្ឈមណ្ឌល សហរដ្ឋអាមេរិក សំរាប់ការត្រួតពិនិត្យនិងការពារជំងឺ ( US Centres for Disease Control and Prevention (CDC) ) អោយដឹងថា ទារកដែលបានទទួលនូវសារធាតុបំពុល Botulinum អាចនឹងមានបញ្ហាប្រឈមចំពោះសុខភាព ដូចជាមិនសូវជាទទួលទានអាហារ ថមថយកម្លាំង ក៏ដូចជា ប្រព័ន្ធសាច់ដុំមានការចុះខ្សោយ ។បើសិនណាមិនមានការព្យាបាលអោយទាន់ពេលវេលានោះទេ អាចនឹងមានវឌ្ឍនភាពទៅរកភាពខ្វិននៃរាងកាយដូចជា ៖ សាច់ដុំ ដៃ និងជើងជាដើម។
គួរបញ្ជាក់ងផងដែរ មិនទាន់មានករណីមិនប្រក្រតី កើតឡើងទៅលើទារកតូចនៅឡើយនោះទេ តែដើម្បីធានាអោយបានទៅលើសុខាមាលភាពទារកតូច ក្រុមហ៊ុនមួយនេះ ក៏បាន សំរេចចិត្តក្នុងការប្រមូលត្រលប់ផលិតផលរបស់ខ្លួនមកវិញ។
ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា សារធាតុពុល Botulinum ត្រូវបានគេសង្ស័យថា អាចនឹងមាននៅក្នុងម្សៅទឹកដោះគោ Similac Gain Plus Eye – Q ជាប្រភេទទឹកដោះប្រើសម្រាប់កូនតូចវ័យពី ១ ឆ្នាំទៅ ៣ ឆ្នាំ ដែលបានធ្វើការនាំចូលមកកាន់ប្រទេសនេះ ចាប់តាំងពីដើមខែកក្កដា ឆ្នាំ ២០១៣ ហើយ រាល់ផលិតផលដែលក្រុមហ៊ុនសម្រេច Recall មកវិញរួមមានលេខកូដដូចជា ៖ 2564G54114, 2564G54115, 2564G54116, 2564G54117, 2564G54118, 2565G54118, 2565G54119,2566G54119, 2566G54120, 2567G54120, និងក្បាលកូដ 2676G54120។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានរឿងអាស្រូ វទាក់ទិនទៅនឹងការឃើញ ថាមានសារធាតុពុល ដែលមាននៅក្នុងគ្រឿងផ្សំរបស់ក្រុមហ៊ុនម្សៅទឹកដោះគោFonterra របស់ប្រទេសញ៉ូវសេឡេន ក្រុមហ៊ុនចែកចាយទូទាំងពិភពលោក បានធ្វើការសម្រេចចិត្តក្នុងការហៅត្រលប់មកវិញនូវផលិតផលរបស់ខ្លួន ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើងផងដែរ។ ចុចទីនេះ ដើម្បីដឹងព័ត៌មានពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុន Fonterra ប្រទេសញ៉ូវសេឡេន៕
ដោយ ៖ រិទ្ធីប្រភព ៖ vov