លោក ហុក សុចិត្រា បានដឹកនាំក្រុមក្នុងការប្រកួតជាមិត្តភាពអន្តរជាតិជាលើកដំបូង បើគិតចាប់តាំងពីរូបលោកត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុម ជម្រើសជាតិឈុតធំកាលពីខែកក្កដាកន្លងទៅ។
កាលពីល្ងាចថ្ងៃទី ៥ កញ្ញានេះ ក្រុមកម្ពុជា បានប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីននៅពហុកីឡដ្ឋានជាតិ ក្រោមមេឃភ្លៀងយ៉ាងជោគជាំ នាវេលាម៉ោង៦ល្ងាចថ្ងៃពុធ នេះក៏ជាការប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងផងដែរសម្រាប់កម្ពុជា នៅក្នុងឆ្នាំ ២០១២នេះបន្ទាប់ពីការប្រកួតចុងក្រោយរបស់កម្ពុជាគឺនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១១ នាវគ្គជម្រុះ World Cup ជើងទីពីរ ដោយកម្ពុជាបានចាញ់ម្ចាស់ផ្ទះឡាវ ៦-២។

ការប្រកួតនៅល្ងាចនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ៨ ដោយពុំមានក្រុមណាមួយទទួលបានគ្រាប់បាល់នោះទេ។ ប៉ុន្ដែ ក្នុងការប្រកួតនេះ គេសង្កេតឃើញ ក្រុមជម្រើសជាតិរបស់ ហ្វីលីពីនមានឱកាសច្រើនក្នុងការទាត់បញ្ចូលទីកម្ពុជា។ ក្នុងនោះ ទឹកទីពីរ ហ្វីលីពីន បានធ្វើអោយកម្ពុជាត្រូវភ័យខ្លួន នៅពេលបានវាយសម្រុកជាបន្ដបន្ទាប់ ក្នុងនោះហ្វីលីពីនបានទាត់ចំបង្គោលទីខាងស្ដាំមួយគ្រាប់ និងមួយគ្រាប់ទៀត ចំសំណាញ់ទីខាងឆ្វេងរបស់កម្ពុជា។
បន្ទាប់ពីការប្រកួតជាមួយ ហ្វីលីពីន កម្ពុជានឹងប៉ះជាមួយក្រុមយុវជនខ្មែរ-អឺរ៉ុបនាថ្ងៃទី ១៣ ខែកញ្ញា មុននឹងពួកគេត្រៀមចេញទៅហ្វឹកហាត់នៅម៉ាឡេស៊ី៕
ដោយ ៖ សូរីយ៉ាប្រភព ៖ MTV