យោងតាមការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងចំណោមមនុស្សពេញវ័យ ៤ នាក់គឺមានម្នាក់ធ្លាប់មានបំណងធ្វើអត្តឃាត ដែលភាគច្រើនគឺជាយុវវ័យ។

ប្រទេសជប៉ុនគឺជាប្រទេសដែលល្បីល្បាញថា ប្រជាជនជាមានចរិតរឹងប៉ឹង ឧស្សាព្យាយាម មានភាពឆ្លាតវៃ និងមានវិន័យល្អ។ ប៉ុន្ដែទន្ទឹមនឹងនោះ ប្រទេសជប៉ុនក៏ត្រូវបានគេមើលឃើញថា ជាកន្លែងដែលមានសម្ពាធជីវភាពខ្ពស់ជាងគេក្នុងពិភពលោកផងដែរ ហើយនេះគឺជាមូលហេតុដែលធ្វើអោយប្រជាជនរហូតដល់ ១/៤ ធ្លាប់មានបំណងធ្វើអត្តឃាត។

/

លទ្ធផលនៃការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងកាលពីខែមករា ឆ្នាំ ២០១២ ទៅលើមនុស្សចំនួន ៣.០០០នាក់ ដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅបានបង្ហាញថា ក្នុងចំណោមមនុស្ស២.០១៧នាក់ដែលបានឆ្លើយ គឺមាន ២៣,៤% ឆ្លើយថា ធ្លាប់គិតដល់រឿងធ្វើអត្តឃាត គឺកើតឡើង៤,៣% ធៀបនឹងការស្ទង់មតិដំបូងដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០០៨។

ក្នុងចំណោមអ្នកដែលធ្លាប់មានបំណងធ្វើអត្តឃាតគឺមានស្រ្ដី ២៧,១% ចំណែកបុរសគឺ ១៩,១%។

មនុស្សដែលមានវ័យប្រហាក់ប្រហែល ២០ឆ្នាំ តែងធ្លាប់មានគំនិតសម្លាប់ខ្លួនច្រើនជាងមនុស្សស្ថិតក្នុងវ័យផ្សេងៗ។ ជាក់ស្ដែង ២៨,៤% ក្នុងចំណោមមនុស្សដែលស្ថិតក្នុងវ័យនេះធ្លាប់ចង់ស្លាប់ និង ៣៦,២% ក្នុងចំណោមពួកគេមានបំណងសម្លាប់ខ្លួនកាលពីឆ្នាំទៅ។

អត្រានៃអ្នកចង់ស្លាប់ក្នុងវ័យ ៣០ គឺមានចំនួន ២៥% រីឯវ័យ ៤០ឆ្នាំ គឺ ២៧,៣% ខណៈដែលវ័យ៥០ឆ្នាំ មានអ្នកចង់ស្លាប់ ២៥,៧% និង៦០ឆ្នាំ គឺ ២០,៤% ចំណែកវ័យ ៧០ឆ្នាំគឺមានចំនួន១៥,៧%។

/

ការស្រាវជ្រាវ និងការស្ទង់មតិបានបង្ហាញថា អ្នកដែលបានសម្លាប់ខ្លួន ភាគច្រើនពួកគេមានអាយុ
ចាប់ពី ២០ ដល់ ៣០ឆ្នាំ។ មូលហេតុសំខាន់ដែលនាំអោយពួកគេសម្រេចចិត្តធ្វើអត្តឃាត នោះគឺពួកគេតែងជួបប្រទះបញ្ហាផ្លូវចិត្ត និងត្រូវរងសម្ពាធធ្ងន់ធ្ងរផ្នែកមនោសញ្ចេតនា៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Kyodo, AP