ព្រះនាង Mako រាជបុត្រីរបស់ប្រទេសជប៉ុន ពន្យារពេលប្រារព្ធពិធីមង្គការរបស់ព្រះនាងរហូតដល់ឆ្នាំ ២០២០  ដោយហេតុតែ ព្រះនាង ពុំមានពេវេលាគ្រប់គ្រាន់ដើម្បីរៀបចំពិធីនេះ។

ចៅស្រីវ័យ ២៦ ឆ្នាំរបស់ព្រះចៅអធិរាជ Akihito គ្រោងនឹងរៀបមង្គលការជាមួយបុគ្គលិកមួយរូបបម្រើការងារ នៅក្រុមហ៊ុនច្បាប់គឺលោក Kei Komuro ក្នុងខែវិច្ឆិកា។ សារព័ត៌មាន Jiji Press បានរាយការណ៍ថា គូស្នេហ៍ទាំងពីរ បានប្រកាសថា ការពន្យារពេលពិធីមង្គការនេះ គឺដោយសារតែអ្នកទាំងពីរពុំមានពេលវេលាដើម្បី ត្រៀមលក្ខណៈឱ្យបានពេញលេញ។

/

ការសម្រេចចិត្តរបស់គូស្នេហ៍ទាំងទ្វេ មួយផ្នែកគឺធ្វើឡើង ដោយសារការដឹងជាមុននូវផែនការមមាញឹករបស់ត្រកូលអធិរាជ នៅឆ្នាំក្រោយ រួមទាំងការដាក់រាជ្យរបស់ព្រះចៅអធិរាជផងដែរ។

ភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីរបស់ព្រះនាងម្ចាស់អង្គនេះថា៖ ខ្ញុំពិតជាសោកស្តាយណាស់ ចំពោះការបង្កបញ្ហាដ៏ធំ និងបន្ទុកបន្ថែមដល់អ្នក ដែលបានជួយដល់គម្រោងអាពាហ៍ពិពាហ៍របស់យើងយ៉ាងស្មោះត្រង់។ ព្រះនាង Mako នឹងបាត់បង់តំណែងរបស់ព្រះនាង នៅពេលព្រះនាងរៀបមង្គលការជាមួយលោក Komuro ដែលជាជនសាមញ្ញម្នាក់។

អ្នកនាំពាក្យរបស់ត្រកូលអធិរាជ បានបញ្ជាក់ថា គូស្នេហ៍ទាំងទ្វេ ដែលបានជួបគ្នា កាលពីឆ្នាំ ២០១២ នៅតែមានបំណង ចងចំណងមេត្រីភាពមួយនេះ បន្ទាប់ពីរាជពិធីសំខាន់ៗ ទាក់ទងនឹងការដាក់រាជ្យរបស់ព្រះចៅអធិរាជ និងការឡើងគ្រងរាជ្យរបស់ព្រះរាជបុត្រ។

ត្រកូលអធិរាជ្យនេះ ក៏បានបដិសេធចំពោះអត្ថបទទស្សនាវដ្ដី ដែលបានចុះផ្សាយចោទប្រកាន់ នាពេលថ្មីៗនេះថា ការពន្យារពេលរៀបមង្គការនេះ គឺដោយសារបញ្ហាហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងម្តាយរបស់លោក Komuro ។

គួរបញ្ជាក់ថា នៅខែមេសា ឆ្នាំ ២០១៩ ព្រះចៅអធិរាជ Akihito ព្រះជន្ម ៨៤ វស្សា នឹងក្លាយជាអធិរាជជប៉ុនដំបូងបង្អស់ដែលចុះចេញពីរាជបល្ល័ង្ក Chrysanthemum ក្នុងរយៈពេលជាង ២០០ ឆ្នាំមកនេះ។

រាជបុត្រច្បង និងត្រូវជាឪពុកមារបស់ព្រះនាង Mako ព្រះជន្ម ៥៧ វស្សា គឺព្រះអង្គម្ចាស់ Naruhito នឹងឡើងគ្រងរាជ្យបន្តពីព្រះអង្គ ៕

/ 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC