ភ្នំពេញៈ សម្តេចនាយករដ្ឋមន្រ្តីនៅទីបំផុតបាន ផ្តល់យុត្តិធម៌យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ សិប្បកម្មផលិតទឹកកក ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដោយសម្តេចបានបញ្ជាឲ្យបិទ សិប្បកម្មនេះតែម្តង នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣នេះ។ នេះជាការប្រកាស របស់អភិបាលខណ្ឌឬស្សី កែវ លោក ឃ្លាំង ហួត ទៅកាន់ប្រជាពលរដ្ឋស្ថិតនៅមុខរោងចក្រសិប្បកម្មផលិតទឹកកក។

ក្រោយពីការប្រកាសនូវបទបញ្ជាដ៏យុត្តិធម៌បំផុតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋទាំង មូលនាំគ្នាទះដៃអបអរថ្លែងអំណរគុណរកទីបំផុតគ្មាន ដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន។ បទបញ្ជារបស់ នាយករដ្ឋមន្ត្រីបញ្ជាឲ្យបិទរោងចក្រផលិតទឹកកកជាស្ថាពរ បានធ្វើឡើងក្រោយពីទទួលព័ត៌មានថា ប្រជាពលរដ្ឋ ជាច្រើននាក់ ជាពិសេសស្ត្រីកូនខ្ចី និងក្មេងតូចៗ ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ត្រូវអជ្ញាធរបញ្ជូនទៅមន្ទីរពេទ្យជួយ សង្រ្គោះ។

នៅចំពោះមុខប្រជាពលរដ្ឋលោកអភិបាល ឃ្លាំង ហួត បានមានប្រសាសន៍ថា សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យ បិទសិប្បកម្មផលិតទឹកកកនេះ ជាស្ថាពរតែម្តង។ បើតាមលោក ឃ្លាំង ហួត នេះជាលិខិតទី១ ដែលលោកចុះហត្ថ លេខា ហើយត្រូវបានបដិសេធផ្អាកអាជីវកម្មរបស់ខ្លួន។

នៅវេលាម៉ោង ១០ និង៥នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានអញ្ជើញចុះដល់ទីតាំងសិប្បកម្មផលិតទឹកកក និងបិទតែម្តង។

កូនប្រុសលោក តុង សេង អភិបាលរងខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ទីតាំងសិប្បកម្មផលិតទឹកបង្កទុក្ខទោសដល់ ប្រជាពលរដ្ឋនេះ បានសន្យានៅចំពោះមុខអភិបាលរាជធានីភ្នំពេញថា លោកមិនត្រឹមតែបញ្ឈប់នោះទេ គឺព្រមរើទីតាំង តែម្តង។ ការអះអាងគ្រានេះ គឺផ្ទុយស្រឡះពីគ្រាដំបូង ដែលហាក់មានចរិតរឹងទទឹង ដោយមិនខ្វល់ពីការតវ៉ារបស់ សមត្ថកិច្ចឡើយ រហូតហ៊ានបោះសំដីថា «សូម្បីតែស្តេច ក៏មិនខ្លាចដែរ»។

បន្ទាប់ពីប្រកាសបិទអាជីវកម្មរោងចក្រសិប្បកម្មខាងលើនេះហើយ លោក ប៉ា សុជាតិវង្ស សមត្ថកិច្ច និងអាជ្ញាធរជា ច្រើនទៀត បានអញ្ជើញចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យផងដែរ។

ក្រុមប្រជាពលរដ្ឋជាមួយសំឡេងហ៊ោកញ្ជ្រៀវសាទរ បានលើកម្រាមដៃទាំង១០ សំពះថ្លែងអំណរគុណសម្តេចតេ ជោ ហ៊ុន សែន ព្រមទាំងអជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ដែលបានព្យាយាមខ្នះខ្នែង និងកាត់ក្តីប្រកបដោយមហា យុត្តិធម៌ជូនពួកគាត់ ដើម្បីនាំត្រឡប់មកវិញនូវបរិស្ថានល្អ និងសុខភាពដ៏ប្រសើរជូនពួកគាត់វិញ៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល