រថក្រោះ​ជាង​១០០​គ្រឿង​ត្រូវគេ​ដឹក​តាម​កប៉ាល់​មក​ដល់​កំពង់ផែ​ក្រុង​ព្រះ​ សីហនុ កាលពីម្សិលមិញ ដែល​មន្ត្រី​យោធាកម្ពុជា​អះអាង​ថា ​ជា​តម្រូវការ​ផ្នែក​ការពារជាតិ​ និង​ការ​ហ្វឹកហ្វឺន​ផ្នែក​កងទ័ព។​
លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បានអះអាង​​ថា​ កម្ពុជា​នាំយក​ឧបករណ៍យោធា​ជា​ រថក្រោះ​ និង​សម្ភារៈ​យោធា​ គឺ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ពង្រឹង​ សមត្ថភាព​កងទ័ព​ជា​ធម្មតា។ ទោះជាយ៉ាងនេះក្ដី លោកឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ មិនបានប្រាប់ឈ្មោះ​ប្រទេស​ ​ចំនួន ​និងប្រភេទ​សម្ភារៈ​យោធា​ទាំង​អស់​នោះអោយពិតប្រាកដនោះទេ​ លោកគ្រាន់តែថ្លែង​ថា ​រថក្រោះ​ចំនួន​ពី​១០០ ទៅ​២០០​គ្រឿង​នេះ គឺនាំចូលពីអ៊ឺរ៉ុប។
width=486
គួររំលឹកថា ប្រទេស​កម្ពុជា​ធ្លាប់​នាំ​ចូលរថក្រោះ​៩៦​គ្រឿង​ម្តង​កាលពី​ឆ្នាំ​២០១០​ នៅ​ពេល​កម្ពុជា​​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ថៃ​ ទាក់ទង​នឹង​បញ្ហា​បូរណភាព​ទឹកដី​ ឬ​ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ។ ​
ប្រទេស​កម្ពុជា​ដែលមាន​ខ្ទង់​ចំណាយ​ខ្ពស់លើ​វិស័យ​ការពារជាតិ​និង​សន្តិសុខ​ នោះ​ ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ បាន​ចំណាយ​ថវិកា​៣៥០​លាន​ដុល្លារ​ក្នុង​ចំណោម​ថវិកា​ជាតិ​ សរុបជាង​២​ពាន់លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១២​៕​
ដោយ ៖ សីហាប្រភព ៖ VOA