តាកែវ៖ ពិធីមង្គល ដែលកំពុងរាំច្រៀងយ៉ាងសប្បាយ តែមួយប៉ព្រិចភ្នែក បានក្លាយជាទុក្ខ បន្ទាប់ពីបងប្រុសយក កាំបិតចាក់សម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួន ក្នុងពិធីមង្គលការប្អូនស្រីកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិត្រពាំងវិហារ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ។

សេចក្តីរាយការណ៍ពីសាក្សី ដែលបានចូលរួមក្នុងពិធីមង្គលការនេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អន និត អាយុ ២៣ឆ្នាំ បានយកកាំបិតចាក់សម្លាប់ប្អូនប្រុស បង្កើតរបស់ខ្លួន ឈ្មោះ អន កូ អាយុ ១៧ឆ្នាំ ដោយសារតែខឹង ប្អូនប្រុសស្រវឹងស្រែកឡូឡានៅលើផ្ទះ ក្នុងពិធីមង្គលការប្អូនស្រីរបស់ខ្លួន ដែលត្រូវជាបងស្រីជនរងគ្រោះ។  

សាក្សីបានបន្តថា មូលហេតុដែលនាំឲ្យបងប្រុសចាក់សម្លាប់ប្អូនប្រុសរបស់ខ្លួននោះ បន្ទាប់ពីជនរងគ្រោះបានផឹក ស្រវឹងស្រែកឡូឡានៅលើផ្ទះ ហើយប្រាប់មិនស្តាប់ ខណៈដែលសាក្សីផ្សេងទៀតបាននិយាយថា មកពីជនរង គ្រោះទៅវាយបំផ្លាញអាសនៈរបស់បងប្រុស សែននៅក្នុងពិធីមង្គលការរបស់ប្អូនស្រី ឈ្មោះ អន ចាន់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយកើតហេតុជនសង្ស័យជាបងប្រុស ដែលបម្រុងរត់គេចខ្លួននោះ ត្រូវបាន ប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីមង្គលការ និងសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗ ខណៈដែលជនរងគ្រោះជាប្អូន ប្រុស ដែលរងរបួសក្រោមដោះខាងឆ្វេង បានដាច់ខ្យល់ស្លាប់ពេលកំពុងបញ្ជូន ទៅកាន់មន្ទីរពេទ្យខេត្ត។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ។ រីឯសាច់ញាតិ និងកូនក្រមុំកំពុងរៀបចំធ្វើបុណ្យសពឲ្យជនរងគ្រោះ៕

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល