ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយពី គេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិន ជាម្តាយម្នាក់ ពិតជាបានធ្វើអោយគ្រប់បណ្តាសារព័ត៌មាន មានភាពភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះថា នាងបានកើតកូន មានទម្ងន់ដល់ទៅ ៦,១៧ គ.ក ឯណោះ។

គួររំឭកផងដែរថា ស្រ្តីជាម្តាយរូបនេះ មានវ័យ ២៧ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងក្រុងសៀងហៃប្រទេសចិន ។ យ៉ាងណាមិញ បើតាមការអោយដឹងពីលោកវេជ្ជបណ្ឌិត តំណាងអោយមន្ទីរពេទ្យ សៀងហៃ ជាទីកន្លែងទារកតូចនោះ ចាប់កំណើតនោះ បានអះអាងអោយដឹងថា ស្រ្តីជាម្តាយ និងកូនតូច ពួកគេទាំងពីរនាក់ មកទល់នឹងខណៈនេះ មានសុខភាពជាធម្មតាទេបន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត និយាយបន្តថា មូលហេតុដែលនាំអោយទារកតូចរូបនេះស្ទើរតែក្លាយជាបេក្ខភាពទារក កើតមកមានគីឡូធ្ងន់ ជាងគេក្នុងប្រវត្តិសាស្រ្តប្រទេសចិន ក៏ព្រោះតែអំឡុងពេលដែលពរពោះនោះ ស្រ្តីជាម្តាយ ទទួលទានច្រើនជាងធម្មតា ដោយនៅក្នុងនោះរួមមានទឹកដោះគោ សុទ្ធ ផ្លែឈើ ក៏ដូចជា គេងនៅតែលើគ្រែជាដើម។

យ៉ាងណាមិញ លោក Xu Chang ជាវេជ្ជបណ្ឌិតជាន់ខ្ពស់ បានលើកឡើងថា ទារកតូចរូបនេះ នាថ្ងៃអនាគត គេអាចប្រឈមនឹងបញ្ហាសុខភាព ពីព្រោះតែភាពធាត់ពេករបស់គេអំឡុងពេលដែលចាប់កំណើតនេះហើយ។ គួររំឭកផងដែរថា បេក្ខភាពទារកតូចលើកនេះមិនត្រូវបានគេចាត់ចូលជាបេក្ខភាព ទារកតូចកើតមកមានគីឡូធ្ងន់បំផុតក្នុងប្រវត្តិសាស្រ្តចិននោះទេ ពីព្រោះថា បេក្ខភាព ដែលបានបំបែកកំណត់ត្រាមួយនេះ បានទៅលើក្មេងតូចឈ្មោះ Chun Chun មកពីខេត្ត Henan ប្រទេសចិន គេមានគីឡូដល់ទៅ ៧,០៤ គ.កខណៈពេលដែលបានចាប់កំណើត កាលពីអំឡុងឆ្នាំ ២០១២ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ