យូអិន៖ យោងតាមវេបសាយព័ត៌មាន របស់អង្គការសហប្រជាជាតិ បានចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះថា លោកអគ្គ លេខា ធិការ បាន គីមូន រួមជាមួយនឹង ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោសចំពោះការបាញ់គ្រាប់ រ៉ុក្កែតពី សំណាក់ ប្រទេសកូរ៉េខាងជើង ហើយថា ទង្វើនេះជាការ រំលោភយ៉ាងច្បាស់ក្រឡែតទៅ នឹងការទាមទារទាំងឡាយរបស់ស្ថាប័នអន្តរជាតិមួយនេះ ដែលបាន ហាម មិនឲ្យ ទីក្រុង ព្យុងយ៉ាង ធ្វើការបាញ់សាកល្បង បច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយណាមួយនោះ។

គួរបញ្ជាក់ផងដែរថា គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលមានឈ្មោះថា អ៊ុនហា-3 ត្រូវបានគេ រាយការណ៍ថា បាន បាញ់ចេញពីតំបន់ឆ្នេរ សមុទ្រភាគ ខាងលិចប្រទេសកូរ៉េខាងជើង កាលពី មុនម៉ោង ១០ និង ០០ នាទីព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១២ ម៉ោងនៅក្នុងតំបន់។ តាមព័ត៌ មានក្នុងតំបន់ ក៏បានចេញផ្សាយដែរថា គ្រាប់រ៉ុក្កែតនោះ បាន ហោះកាត់កោះអូគីណាវ៉ារបស់ ជប៉ុន បន្ទាប់មកបំណែករបស់វាក៏បានធ្លាក់ទៅក្នុង ដែនសមុទ្រចិន ខាង ត្បូង ជិត ហ្វីលីពីន។

អ្នកនាំពាក្យលោក បាន គីមូន បានលើកឡើងថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះ ជា ការបង្កឲ្យមានការ សោកស្តាយបន្ថែមទៀត ព្រោះ ប្រទេស នេះ បានប្រឆាំងទៅនឹងការរួបរួម គ្នា អំពាវនាវយ៉ាង ទទូចពីសំណាក់ សហគមន៍អន្តរជាតិ។ អ្នកនាំពាក្យរូបនេះបានលើកឡើងទៀត ថា “នេះជាការរំលោភរបស់ កូរ៉េខាងជើងទៅលើ ដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខយូអិន លេខ ១៨៧៤ ដែលបានចេញនូវឆ្នាំ ២០០៩ ដោយហាម មិនឲ្យ ប្រទេសនេះធ្វើការសាកល្បង បាញ់ បច្ចេកវិទ្យាមីស៊ីល រយៈចម្ងាយឆ្ងាយនោះទេ។”គួររំលឹកផងដែរថា ពិភពលោក បានអំពាវនាវ ឲ្យដាក់ ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេស កូរ៉េខាងជើង ដើម្បីកុំឲ្យភាពគឃ្លើននេះ កើតឡើងម្តង ទៀត៕

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល