ភ្នំពេញ ៖ ស្រ្តីម្នាក់ដេកស្លាប់ ក្នុងផ្ទះតែម្នាក់ឯង រហូតដល់ ធុំក្លិនស្អុយភាយចេញក្រៅ  បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់អ្នកស្រុក និងអាជីវករ ផ្សារព្រែកឯង ព្រមទាំង សមត្ថកិច្ច មូលដ្ឋាន ចុះទៅពិនិត្យ នារសៀលថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១ ផ្ទះលេខ៨៦អា ភូមិព្រែកជាងព្រំ សង្កាត់ វាលស្បូវ ខណ្ឌមានជ័យ ។

លោកអនុសេនីយ៍ទោ នៅ តារា នាយនគរបាលប៉ុស្តិ៍វាលស្បូវ បានឲ្យដឹងថា ស្រ្តីរងគ្រោះនេះ ឈ្មោះ អ៊ីម ស៊ីណា អាយុ៣២ឆ្នាំ នៅលីវ មានមុខរបរ លក់គ្រឿង សំណង់ នៅផ្ទះកើតហេតុ ។

បើតាមការឲ្យដឹងរបស់ស្រ្តី ឈ្មោះ អ៊ីម ស៊ីនួន ដែលអះ អាងថាជាបងស្រីរបស់ជនរងគ្រោះ បាននិយាយថា ប្អូនស្រីរបស់គាត់ស្នាក់នៅ ផ្ទះនេះតែម្នាក់ឯង ដោយប្រកបរបរលក់គ្រឿង សំណង់នៅក្នុងផ្ទះកើតហេតុ ។ ស្រ្តី ស៊ីនួន បន្តថា ជារៀងរាល់ថ្ងៃ គាត់តែងទូរស័ព្ទ ទាក់ទងសួរសុខទុក្ខជា ធម្មតា ប៉ុន្តែនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ គាត់បានទូរស័ព្ទចូលទៅលេខប្អូនស្រីដូចរាល់ដង ប៉ុន្តែទូរស័ព្ទរោទ៍ មិនមានអ្នកលើក។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ដោយមានការសង្ស័យ ទៅលើប្អូនស្រីដែល មានជំងឺបេះដូងជាប្រចាំផង នោះ បងស្រី អ៊ីម ស៊ីនួន បានទូរស័ព្ទចូលទៅលេខប្អូនស្រីម្តងទៀត តែពេលដែលទូរស័ព្ទ អត់ចូលទំនងជាអស់ថ្ម ។

បងស្រី អ៊ីម ស៊ីនួន បានបន្ត ទៀតថា លុះដល់ម៉ោង២ រសៀល ថ្ងៃទី៣០ ខែសីហា មានប្រជាពលរដ្ឋ នៅជាប់ ផ្ទះជនរងគ្រោះមានធុំ ក្លិនស្អុយភាយចេញពីក្នុងផ្ទះ ក៏បានផ្តល់ដំណឹងដល់សាច់ ញាតិមកដល់គាត់ ។ ភ្លាមៗ បងស្រី ស៊ីនួន បានប្តឹងទៅ សមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ច ក៏សម្រេចគាត់ទ្វារផ្ទះរបស់ជនរងគ្រោះ ។ ពេល គាស់ទ្វារបន្ទប់ចូលទៅឃើញស្ត្រីរងគ្រោះដេក ស្លាប់រហូតដល់ស្អុយរលួយទៅហើយ។

សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជំងឺគាំង បេះដូង។ ក្រោយពិនិត្យ រួចសមត្ថកិច្ចបានប្រគល់សព ជូនទៅសាច់ញាតិ ធ្វើបុណ្យ តាមប្រពៃណី ៕

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល