នាវាដឹកយន្ដហោះ USS Carl Vinson របស់អាមេរិក រួមជាមួយនឹងទាហានជើងទឹក ៤.៧០០នាក់ កាលពីម្សិលមិញ(២៣មេសា)បានចូលចតនៅកំពង់ផែ Rremantle ភាគនិរតីប្រទេសអូស្ដ្រាលី។

នាវាដឹកយន្ដហោះនេះ នឹងចតនៅ Fremantle ប្រហែល ២ថ្ងៃ ដើម្បីចូលរួមក្នុងពិធី Anzac Day ជាថ្ងៃបុណ្យរំឮកវិញ្ញាណក្ខន្ធរបស់អូស្ដ្រាលី និង ញូវសេឡែន។
រួមដំណើរមកកាន់អូស្ដ្រាលីជាមួយ USS Carl Vinson គឺនាវាល្បាត USS Bunker Hill ដែលមានកាំជ្រួចការពារ នេះបើតាមសារព័ត៌មាន News របស់អូស្ដ្រាលី។ ក្រុមនាវិករបស់នាវាទាំងពីរនេះទើបតែបានបញ្ចប់សកម្មភាពសមយុទ្ធជាមួយនឹងកងទ័ពជើងទឹកឥណ្ឌា។
នាវាដឹកយន្ដហោះដែលដំណើរការដោយថាមពលនុយក្លេអែរ USS Carl Vinson នេះ ត្រូវបានដាក់ឈ្មោះទៅតាមអតីតអ្នកតំណាងរាស្ដ្រ និងជាប្រធានគណកម្មការយោធា និងគណកម្មការដោះស្រាយបញ្ហាកងទ័ពជើងទឹករបស់សភាជាន់ទាបអាមេរិក។ ជ័យឃោសន៍របស់នាវានេះគឺ Vis Per Mare មានន័យថា កម្លាំងបានមកពីសមុទ្រ។
វត្តមានរបស់នាវា USS Carl Vinson នៅ Fremantle បានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីទាហានអាមេរិកដំបូងបានទៅកាន់អូស្ដ្រាលី ជាផ្នែកមួយក្នុងគម្រោងបញ្ជូនទាហាន២.៥០០នាក់ទៅកាន់ប្រទេសធំមួយនេះ ដែលប្រធានាធិបតិ Barack Obama បានប្រកាសកាលពីឆ្នាំទៅ។
គួរំឮកថា កាលពីខែឧសភា ឆ្នាំ ២០១១ USS Carl Vinson គឺជាកន្លែងទទួលសាកសពរបស់អតីតមេភេរវកម្ម Osama bin Laden ក្រោយពីត្រូវបានកងកុម្មង់ដូអាមេរិកសម្លាប់នៅទីរួមស្រុក Abbottabad របស់ Pakistan។ បន្ទាប់មកទៀត នាវាដឹកយន្ដហោះនេះក៏បានក្លាយជាកន្លែងបូជាសពរបស់ Osama bin Laden នៅសមុទ្រអារ៉ាប់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE