ព័ត៌មានជាតិ ៖ អំឡុងពាក់កណ្តាលខែតុលា នាឆ្នាំ២០១២ នៅតាមបណ្ដាញសង្គមហ្វេសប៊ុកគេឃើញម្ចាស់ទំព័រភាគច្រើនបានប្ដូររូបភាពប្រូហ្វាលរបស់ខ្លួន ដើម្បីជាការគោរព និងរំលែកមរណទុក្ខ ចំពោះការយាងចូលទិវង្គតនៃអង្គសម្ដេចឪ។
ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបីតាឯករាជ្យជាតិ ព្រះអង្គបានយាងចូលទិវង្គត នៅថ្ងៃទី ១៥ តុលា ២០១២ វេលាម៉ោង ១:២០ នាទី នាមន្ទីរពេទ្យទីក្រុងប៉េកាំងប្រទេសចិន ក្នុងជន្មាយុ ៩០ ព្រះវស្សា។ ប្រការនេះ បានបណ្ដាលអោយប្រជារាស្ដ្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងប្រទេស មានទុក្ខសោកយ៉ាងក្រៀមក្រំជាទីបំផុត។ ប្រជារាស្ដ្រទាំងអស់ បាននាំគ្នាកាន់ទុក្ខដោយសេចក្ដីគោរពដ៏ជ្រាលជ្រៅបំផុត ដោយការពាក់បូខ្មៅនៅលើអាវ។


គួររំឭកផងដែរថា កាលដែលអតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះវរ រាជបីតាឯករាជ្យជាតិ ព្រះអង្គបានយាងចូលទិវង្គតនេះ គឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ប្រ ទេសកម្ពុជា។ ប្រជាជនយ៉ាងច្រើនកុះករ បានមកប្រមូលផ្តុំគ្នាអមសងខាងផ្លូវតាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតមកដល់ព្រះបរមរាជវាំង ដើម្បីជាការអមដល់ការយាងធ្វើមាតុនិវត្តន៍នៃព្រះបរមសពរបស់ព្រះករុណា សម្ដេចឪ សម្ដេចតា សម្ដេចតាទួត។

លើសពីនេះទៅទៀត បើយើងងាកក្រឡេកទៅមើលតាមគេហទំព័រសារព័ត៌មានក្នុងស្រុកក៏ដូចជា ប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក ក៏គេឃើញមានអ្នកប្រើប្រាស់ភាគច្រើន ជាពិសេសយុវវ័យ បាននាំគ្នា បង្ហោះរូបអតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្តមសីហនុ ព្រោងព្រៀត ដែលនៅក្នុងនោះ ក៏មាន Status មួយចំនួន ជាសាររំលែកនូវមរណៈទុក្ខ ត្រូវបានបង្ហោះឡើងផងដែរ។មិនត្រឹមតែប៉ុណ្ណោះ គេក៏ឃើញមានការផ្លាស់ប្តូរ Profile Pic ទៅជាផ្ទាំងពណ៌ខ្មៅ ឬបូខ្មៅ ឬក៏រូបសម្តេចឪជាដើម ដែលនេះជាសារមួយបញ្ជាក់អោយឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរ ពិតជាមានអារម្មណ៍សោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងបងប្អូនជនរួមជាតិកម្ពុជា ខណៈពេលដែលបានបាត់បង់អតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះវររាជបីតាឯករាជ្យជាតិ៕
ដោយ ៖ មង្គល