យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ថា កូរ៉េខាងត្បូងបានចេញបញ្ជាឱ្យសំលាប់សត្វពាហនៈចោលចំនួន១,៣៤លានក្បាល ចាប់តាំងពីដំណាច់ខែវិច្ឆិកាមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនសត្វពាហនៈ ដែលជំងឺនេះមានសភាពធ្ងន់ធ្ងរបំផុតពុំធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ។# ក្រសួងស្បៀង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កូរ៉េខាងត្បូងថ្លែងថា បណ្តាមន្ត្រីសុខាភិបាលបានទទួលបញ្ជាឱ្យសំលាប់សត្វគោចោលចំនួន១០៧.៥០០ក្បាល សត្វជ្រូក១,២៣លានក្បាល និងពពែជាង៣.៧០០ក្បាល ក្នុងកសិដ្ឋានចំនួន៣.៣០០កន្លែងរបស់ប្រទេសរយៈពេល៤០ថ្ងៃចុងក្រោយនេះ ។#ក្រសួងនេះបន្តថា ទំហំពិតប្រាកដនៃការខូចខាតនៅពុំទាន់កំណត់នៅឡើយ ក៏ប៉ុន្តែការចេញសងការខូចខាតដល់ពួកអ្នកចិញ្ចឹមសត្វ តំលៃនៃវ៉ាក់សាំងការពារ និងការចំណាយផ្សេងៗទៀតមានដល់ជាង១.៣០០ពាន់លានវ៉ុន ។ ទឹកប្រាក់នេះនឹងមានច្រើនជាងនេះទៀត ប្រសិនបើជំងឺសត្វដែលឆ្លងរាលដាលខ្លាំងពុំអាចលុបបំបាត់ចោលក្នុងពេលឆាប់ៗទេនោះ ។#ក្រៅពីការសំលាប់សត្វ និងការកប់សត្វចោលរដ្ឋាភិបាលក៏ចាប់ផ្តើមផងដែរ នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារចាប់ពីថ្ងៃទី២៥ ធ្នូ មក។ សរុបសត្វពាហនៈ២,១៥លានក្បាល ក្នុងខេត្ត៦ និងក្នុងទីក្រុងធំ២ ជាកម្មវត្ថុនៃផែនការចាក់វ៉ាក់សាំងការពារ ៕
