ព្រះវិហារ៖ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ ប្រមាណ ២ពាន់នាក់ បាននាំគ្នាប្រារព្វ ពិធីអបអរសាទរខួប ៥ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០១៣ ) នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារជា សម្បត្តិបេតិកភណ្ឌ ពិភពលោក នៅក្នុងបរិវេណសារមន្ទីរ ធម្មជាតិ សកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ ពិធីអបអរសាទរដ៏មហោឡារឹក នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ០១៣នេះ បានរៀបចំឡើង ដោយអាជ្ញាធរជាតិព្រះវិ ហារ សហការជាមួយសាលាខេត្តព្រះវិហារ និងក្រុមការងារពិសេសថ្នាក់ជាតិ តំបន់ប្រាសាទព្រះវិហារ។

ពិធីនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់លោក មាស សុភា តំណាងរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន លោក អ៊ុំ  ម៉ារ៉ា អភិបាលខេត្តព្រះវិហារ លោក ជុច ភឿង ប្រធានអាជ្ញាធរជាតិ ប្រាសាទព្រះវិហារ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនផ្សេងទៀត។

លោក អ៊ុក តុបបុត្រា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា ពិធីអបអរសាទរខួប ៥ឆ្នាំ នៃការដាក់ប្រា សាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលើពិភពលោកនេះ មានការចូលរួមពីសំណាក់មន្រ្តី រាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គ បញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយក រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

លោក អ៊ុក តុបបុត្រា បានបញ្ជាក់ផងដែរថា ទិវាដ៏មានអត្ថន័យនេះ ជាការគោរពសក្ការៈចំពោះព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ បុព្វបុរសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានលើកយកមកធ្វើជាប្រធានបទដ៏មានសារ:សំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការឲ្យតម្លៃដ៏ឧត្ដុងឧត្ដម របស់សម្បត្តិវប្បធម៌ខ្មែរ ដែលជាព្រលឹងជាតិ ជាអត្ត សញ្ញាណជាតិ និងជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

ប្រាសាទព្រះវិហារស្ថិតនៅលើជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារលើរយៈកម្ពស់ ៦២៥ម៉ែត្រ ត្រូវបានព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានបំពេញព្រះរាជនីយកិច្ចអស់ព្រះកាយពល រហូតទាមទារ និងជាម្ចាស់នៃប្រាសាទជាស្ថាពរនៅថ្ងៃទី១៥ មិថុនា ១៩៦២។

ជាបន្តបន្ទាប់ ដើម្បីបញ្ឈប់ និងការ ពារប្រសាទព្រះវិហាររបស់ខ្មែរ ពីការឈ្លានពានរបស់សៀមនោះ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានតស៊ូគ្រប់ឧបស័គ្គរហូតបានដាក់ប្រសាទចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថា ពរនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ នេះគឺជាសមិទ្ធិផល ដ៏មហាធំធេងក្នុងថែរក្សាសម្បត្តិវប្បធម៌ខ្មែរ សម្រាប់កូន ខ្មែរជំនាន់ក្រោយគ្រប់រូប ដូចដែលសម្តេចតេជោតែងតែមានប្រសាសន៍អះអាងថា ការពារបូរណភាពទឹកដីសម្បត្តិ វប្បធម៌ខ្មែរមិនឲ្យបាត់បង់នោះឡើយ។

ប្រាសាទព្រះវិហារ មានចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រ ខាងជើងរាជធានីភ្នំពេញ។ រមណីយដ្ឋានដ៏ល្អប្រណីត ប្រវត្តិសាស្រ្តខ្មែរមួយនេះ មានលក្ខណៈពិសេសទាំងគុណភាព នៃស្ថាបត្យកម្ម និងជាទីតាំងដ៏ពិសិដ្ឋ សម្របទៅ នឹងបរិស្ថានធម្មជាតិ និងមុខងារខាងសាសនារបស់ប្រាសាទ និងជាស្នាដៃឯក ដែលលេចធ្លោក្នុងចំណោមស្ថាបត្យ កម្មខ្មែរផ្នែកប្លង់ ក្បាច់រចនាលម្អ និងទាក់ទងទៅនឹងបរិស្ថានទេសភាពធម្មជាតិដ៏ប្រណីត។

នៅក្នុងពិធីនេះថ្នាក់ដឹកនាំបានធ្វើពិធីប្រលែងសត្វព្រាប ប៉េងប៉ោង តំណាងឲ្យសន្តិភាព និងច្រៀងបទចម្រៀងពង្សសាវតាខ្មែរ ផងដែរ៕

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល