តូក្យូ៖ ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន (JMA) នៅព្រឹកថ្ងៃសៅរ៍នេះ បានចេញផ្សាយថា នឹងមានការកើតឡើង រលកស៊ូណាមិបន្ថែមទៀត បន្ទាប់ពីកើតឡើងនូវគ្រោះ រញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារខេត្តហ្វូគូស៊ីម៉ា ភាគឦសាន ប្រទេសជប៉ុន កាលពីវេលាម៉ោងប្រហែល ០២ និង១១នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៣។

ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៣ថា ការដាស់តឿនស្តីពីរលកស៊ូណាមិនេះ ត្រូវបានគេប្រកាសនៅតំបន់ ឈូងសមុទ្រចំនួនដូចជានៅ ឈូងសមុទ្រនៃខេត្ត អ៊ីវ៉ាត់, មីយ៉ាគិ, ហ្វូគូស៊ីម៉ា, អ៊ីបារ៉ាគិ, គូជូគូរី និងតំបន់ ស៊ូតូបា ក្នុងខេត្ត ឈីបា។

ចំណែកទីភ្នាក់ងារព័ត៌មាន ក្យូដូ របស់ជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនថាមពលអគ្គីសនីតូក្យូ បានលើកឡើងថា មិនទាន់មានអ្វីប្លែកនៅ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដាយអ៊ីឈី នៅឡើយទេ ចំណែកកម្មករនៅរោងចក្រនោះ ត្រូវបានគេបញ្ជាឲ្យជម្លៀសខ្លួន ពីតំបន់ជាប់ព្រំប្រទល់ទឹក។

គួរបញ្ជាក់ផងដែរថា បើតាមទីភ្នាក់ងារ JMA រញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារភាគឦសានប្រទេសជប៉ុន ដែលដំបូងកើតឡើងកម្រិត ៦.៨រ៉ិចទ័រ ដែលមានជម្រៅ ១០គីឡូម៉ែត្រ និងមានចម្ងាយ ២៩០គីឡូម៉ែត្រពីភាគខាងកើត ខេត្ត មីយ៉ាហ្គី៕

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល