ប្រធានគណបក្សសិទ្ធិមនុស្ស លោក កិម សុខា កាលពីម្សិលមិញ បានប្រកាសថា លទ្ធផលក្រៅផ្លូវការ គណបក្សរបស់លោក ដណ្ដើមបានកៅអីមេឃុំចំនួន ១៨ នៅក្នុងខេត្តចំនួនបី គឺខេត្តព្រៃវែងខេត្តកំពត និងខេត្តកំពង់ចាម។

លោក កិម សុខា បានប្រកាសដូចខាងលើ នៅក្នុងសន្និសីទកាសែតមួយដែលត្រូវបានធ្វើឡើយបន្ទាប់ពីបានដឹងថា គណបក្សរបស់លោក បានឈ្មះឆ្នោតគួរអោយកត់សម្គាល់។ នៅក្នុងសន្និសីទកាសែតនេះដែរ លោក កិម សុខា បានថ្លែងថា កៅអីមេឃុំចំនួន ១៨ ដែលខ្លួនដណ្ដើមបាន ដើមឡើយគឺសុទ្ធតែជារបស់គណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងថា ៖ គណបក្សសិទ្ធិមនុស្សនឹងបញ្ជូនមេឃុំរបស់ខ្លួន អោយទៅធ្វើទស្សនកិច្ចសិក្សា នៅបរទេស ដែលមាន ដូចជា អាមេរិក អូស្ដ្រាលី និងបារាំងជាដើម ដើម្បីស្វែងយល់ពីការគ្រប់គ្រងឃុំ សង្កាត់របស់ពួកគេហើយនោះគឺជាការឆ្លើយតបទៅនឹងការសន្យារបស់គណបក្សនេះ។
ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងសន្និសីទនោះ ប្រធានគណបក្សសិទ្ធិមនុស្ស លោក កិម សុខា បានអំពាវនាវអោយមេដឹកនាំ គ.ជ.ប លាលែងចេញពីតំណែងដោយសារតែគណបក្សនេះយល់ថា ប្រធាន គ.ជ.ប អសមត្ថភាព។ល។
លទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស បានទទួលជោគជ័យយ៉ាងច្រើននៅខេត្តព្រៃវែង ដោយគណបក្សនេះ ដណ្ដើមបានកៅអីមេឃុំ ចំនួន ១០ឃុំគឺនៅស្រុកពាមជរ មានឃុំចំនួនបី គឺឃុំកំពង់ប្រាសាទ ព្រែកសំបូង ឫស្សីស្រុក, ស្រុកពោធិ៍រៀងមានពីរឃុំ គឺឃុំកំពង់ឫស្សី និងឃុំព្រែកតាសរ, និងស្រុកស៊ីធរកណ្តាលមាន៥ឃុំ គឺឃុំល្វេ ឃុំព្នៅទី២ ឃុំព្រែកចង្ក្រាន ឃុំព្រៃដើមថ្នឹង និងឃុំឫស្សីសាញ់។
ខេត្តទីពីរដែលគណបក្សសិទ្ធិមនុស្សទទួលបានការគាំទ្រច្រើន នោះគឺខេត្តកំពង់ចាម ដោយគណបក្សនេះបានឈ្នះជាមេឃុំ ចំនួន៧ឃុំ។ ចំណែកខេត្តកំពត គណបក្សសិទ្ធិមនុស្សក៏ទទួលបានកៅអីមេឃុំចំនួន ១ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់អណត្តិនេះ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកឈ្នះភាគច្រើន គឺប្រមាណជាជាង ៧០ភាគរយ៕
ដោយ ៖ សូរីយ៉ា