ក្រុមហ៊ុន Terrafugia ទើបតែបានឧទ្ទេសនាមគម្រោងរថយន្ដហោះ ដែលកំពុងសាកល្បងហោះហើរ ហើយតាមគម្រោង វានឹងត្រូវបានដាក់លក់ក្នុងឆ្នាំ ២០២៣។

ឆ្នាំ ២០០៦ ក្រុមហ៊ុន Terrafugia ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតអាកាសចរណ៍ និងអវកាសរបស់ MIT ដើម្បីធ្វើឱ្យរថយន្ដហោះ ក្លាយជាការពិត។

/រថយន្ដហោះ Terrafugia Transition អាចប្រែកាយពីរថយន្ត ទៅជាយន្ដហោះ

Terrafugia Transition ដែលជារថយន្ដហោះដំបូងគេ ត្រូវបានបង្កើតឡើងជាស្ថាពរ នៅឆ្នាំ ២០១៤។ រថយន្តហោះនេះ អាចប្រែកាយពីរថយន្ត ទៅជាយន្ដហោះ។ នៅពេលហោះហើរ Transition អាចហោះបានប្រហែល ១៦១គីឡូម៉ែត្រ/ម៉ោង ហើយហោះហើរបានរយៈចម្ងាយ ៦៤៤គីឡូម៉ែត្រក្នុងមួយលើក។

Carl Dietrich សហស្ថាបនិករបស់ក្រុមហ៊ុន Terrafugia បង្ហើបប្រាប់ទំព័រ Business Insider ថា អ្នកប្រើប្រាស់ត្រូវតែមានលិខិតអនុញ្ញាតដើម្បីបញ្ជាលើរថយន្ដហោះនេះ។ ក្រៅពីនេះ តម្លៃរបស់វា មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ ប៉ុន្តែ អតិថិជនអាចបញ្ជាទិញជាមុន តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន។

/តម្លៃ​របស់​រថយន្ដហោះ Terrafugia Transition មិនទាន់ត្រូវបានបង្កើប​ឱ្យដឹងនៅឡើយ 

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Terrafugia ថែមទាំងបង្កឱ្យមានចំណាប់អារម្មណ៍ ជាមួយនឹងម៉ូដែលរថយន្ត TF-X។ វានឹងដំណើរការដូចទៅនឹងរថយន្ដស្វ័យប្រវត្ត កាត់យន្ដហោះ ៖ បើកស្លាប ហោះហើរ និងបិទស្លាប។ TF-X អាចហោះបានរយៈចម្ងាយ ៨០៥គីឡូម៉ែត្រ។

រថយន្តហោះនេះត្រូវបានរចនាឡើងដោយយកលំនាំតាមយន្ដហោះឡើងត្រង់។ អ្នកប្រើប្រាស់គ្រាន់តែស្វែងរកកន្លែងមួយដែលមានទំហំប្រហាក់ប្រហែលនឹងព្រលានវាយថេននីសដើម្បីហោះឡើង។អ្នកបើកបរ គ្រាន់តែប្រាប់ទីតាំង នោះ TF-X នឹងហោះហើរទៅកន្លែងដែលបានស្នើដោយស្វ័យប្រវត្ត។

/

រថយន្ដហោះ TF-X អាចហោះបានរយៈចម្ងាយ ៨០៥គីឡូម៉ែត្រ

តាមគម្រោង ផលិតផលនេះនឹងត្រូវបានដាក់លក់ ចាប់ពីឆ្នាំ ២០២៣ ដល់ ២០២៥។

ដូចទៅនឹងឧបករណ៍ហោះហើរគ្មានមនុស្សបើកដទៃ រថយន្ដហោះនេះ ក៏ស្ថិតនៅក្នុងគំនាបនៃច្បាប់របស់ FAA ស្ដីអំពីបញ្ហាសុវត្ថិភាព។ យ៉ាងនេះក្ដី FAA ក៏ទើបតែបានអនុញ្ញាតឱ្យ Terrafugia សាកល្បង TF-X នៅលើអាកាសផងដែរ។

ប្រែសម្រួល ៖ បុត្រា