ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស កាលពីវេលាល្ងាចម្សិលមិញនេះ បានចេញផ្សាយអោយដឹងថា នៅឯស្ថានីយ៍រថភ្លើង Shibuya មានទីតាំងស្ថិតនៅក្នុងក្រុង​ តូក្យូប្រទេសជប៉ុនឯណោះវិញ  ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរដូចគ្នានោះ  បានផ្អើលនាំគ្នាសាងសកម្មភាពមនុស្សធម៌នោះគឺ    បានផ្អើលនាំគ្នារុញច្រានរថភ្លើងមួយគ្រឿង ដើម្បីជាការរំដោះស្ថ្រីវ័យចំណាស់ជាង ៦០ ម្នាក់ជាប់ក្រោមនោះ ។

បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មាន Rocketnews24  អះអាងថា កាលពីវេលារសៀលថ្ងៃពុធ ទី ២៧ ម្សិលមិញនេះ  គេបានឭសម្លេងស្រែករកជំនួយពីសំណាក់ជនរងគ្រោះ ខណៈរថភ្លើងបានមកដល់    នឹងមានវត្តមាននៅក្នុងស្ថានីយ៍មួយនេះ។ ស្រ្តីវ័យចំណាស់ ម្នាក់នោះ ត្រូវបានគេរាយការណ៍អោយដឹងថា បានជាប់នៅពីក្រោមរថភ្លើង។

width=432

ភ្លាមៗនោះ   ក៏មានសេចក្តីប្រកាសជាបន្ទាន់  ប្រាប់ដល់ក្រុមមនុស្សជាអ្នកធ្វើដំណើរដូចគ្នា អោយមានការរួបរួមសាមគ្គីគ្នា រុញច្រានរថភ្លើង  ដើម្បីជាចលករបង្កភាពងាយស្រួលអោយក្រុមការងារជួយស្រ្តីជាជនរងគ្រោះចេញមក ។   មួយសំទុះក្រោយមក  ស្រ្តីជាជនរងគ្រោះ     ក៏ត្រូវបានគេជួយសង្គ្រោះបានសម្រេចមែន  ដោយនៅក្នុងនោះ  គាត់ពិតជាមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ     ខណៈបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ  ដើម្បីព្យាបាលនូវមុខរបួស  ។  ជាការសាទរ  ក្រុមមនុស្សដែលបានសាមគ្គីគ្នានោះបានទះដៃអបអរសាទរ ខណៈមានអ្នកខ្លះ     សម្រក់ទឹកភ្នែកទៅទៀត  នេះបើយោងតាមសម្តីសាក្សីនៅកន្លែងកើតហេតុម្នាក់៕

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន