បន្ទាយមានជ័យ៖ អគ្គិភ័យដ៏ សន្ធោសន្ធៅមួយ បាននិងកំពុងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ នៅកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលា ម៉ោងប្រហែល ១១៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ខណៈកម្លាំង សមត្ថកិច្ច រួមមាននគរបាល អាវុធហត្ថ និងអាជ្ញាធរ កំពុងជួយ អន្តរាគមន៍។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យរហូតមកដល់ ម៉ោងប្រហែល១២ថ្ងៃត្រង់នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងហើយ ហើយកំពុងឆាបឆេះបន្តទៀត។
យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមាន អគ្គិភ័យនេះទេ ខណៈសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ តាមរយៈបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយ។
សមត្ថកិច្ចពន្លត់អគ្គិភ័យបានឲ្យដឹងថា រហូតមកដល់ពេលនេះរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង កំពុងជួយអន្តរាគមន៍ ប៉ុន្តែអគ្គិភ័យនៅមិន ទាន់រលត់នៅឡើយទេ ។ អាជ្ញាធរកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរថៃ ជួយបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ផងដែរ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតកន្លែងកើតហេតុ បាននិងកំពុងជញ្ជូន ឥវ៉ាន់របស់ពួកគេ ខ្លាចភ្លើងឆេះដល់ ។
នៅវេលាម៉ោងប្រមាណជា១រសៀល អភិបាល ក្រុងប៉ោយប៉ែត បានបញ្ជាឲ្យប្រើអេស្កាវ៉ាទ័រ វាយកម្ទេចផ្ទះមួយចំនួន ដើម្បីបើកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលជួយ អន្តរាគមន៍ ខណៈសិស្សសាលាឯកជន Home Friend នៅក្បែរនោះ ត្រូវបានជម្លៀសចេញ។ តែទោះជាយ៉ាងណា រថយន្តពន្លត់អគ្គិភ័យ ទាំងរបស់ថៃ និងកម្ពុជា ជាង២០គ្រឿង បានចេញជួយអន្តរាគមន៍ តែអំណាចនៃការឆាបឆេះមិនទាន់ថមថយនៅឡើយទេ។ ការឆាប់ឆេះពិតជាធំធេងណាស់ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើន៕
![src=http://111.92.240.170:81//dap-news/dap-images/2013/February/id-007/pheak-0183.jpg Photo]()


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល