តាកែវ ៖ ក្នុងរយៈពេល២ថ្ងៃ នៃការប្រឡងទុតិយភូមិ នៅក្នុងខេត្តតាកែវ ភាពរញ៉េរញៃ គ្មាន សណ្ដាប់ធ្នាប់ បានកើតឡើង ស្ទើរតែគ្រប់មណ្ឌលប្រឡង ដោយស្ថានភាពនេះ គ្មានអាជ្ញាធរមាន សមត្ថកិច្ចណាមួយ ឬមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ យកចិត្តទុកដាក់ពីបញ្ហានេះឡើយ។

នៅក្នុងការចុះ ទៅយកព័ត៌មាន នៅតាមមណ្ឌលប្រឡងមួយចំនួន នៅក្នុងខេត្តតាកែវ រួមមាន វិទ្យាល័យឈើទាល, អនុវិទ្យាល័យបារាយ និងវិទ្យាល័យជាស៊ីម តាកែវជាដើម គេសង្កេតក្រុមអ្នក បោះព្រីយ៉ុង ដែលភាគច្រើនជាមិត្តភកិ្ត និងសាច់ញាតិរបស់ បេក្ខជនប្រឡងទុតិយភូមិ បាននាំគ្នា ផ្លោះរបង យកព្រីយ៉ុងទៅឲ្យបេក្ខជនប្រឡង ដល់បន្ទប់ប្រឡង យ៉ាងអនាធិបតេយ្យបំផុត ដោយ សមត្ថកិច្ច ដែលយាមការពារ នៅមណ្ឌលប្រឡងទាំងនោះមួយចំនួន មិនបានទប់ស្កាត់ពួកក្រុម មនុស្សចូលបោះព្រីយ៉ុងទាំងនោះទេ ពោលគឺមន្រ្តីសមត្ថកិច្ចមួយចំនួនធំ ព្រងើយកន្តើយ ក្នុងការ ពង្រឹងសន្តិសុខ នៅមណ្ឌលប្រឡងនីមួយៗ។

ដោយឡែកនៅក្នុងថ្នាក់ ខណៈដែលសិស្សចូលប្រឡង ពួកគេបាននាំយកទូរស័ព្ទទំនើបៗ ចូលក្នុង ថ្នាក់ ហើយពេលដែលវិញ្ញាសា ចេញមក គឺពួកគេបានថតយកវិញ្ញាសាទាំងនោះ ផ្ញើចេញមកក្រៅឲ្យគេជួយធ្វើ ហើយផ្ញើលទ្ធផលត្រឡប់មកវិញចែកគ្នាចម្លង យ៉ាងអនាធិបតេយ្យជាទីបំផុត។

បុរសម្នាក់ ដែលឈរចាំបោះព្រីយ៉ុង នៅក្បែររបង ខាងក្រោយវិទ្យាល័យជា ស៊ីម តាកែវ បានប្រាប់ឲ្យ ដឹងថា គេមានប្អូនដែលប្រឡង នៅវិទ្យាល័យនេះ ហើយមុននឹងចូលប្រឡង បេក្ខជនទាំងអស់ បាន នាំគ្នាប្រមូលលុយឲ្យគ្រូ និងអនុរក្ស ជាថ្នូរនឹងមិនចាប់ព្រីយ៉ុង ឬចាប់ទូរស័ព្ទ។ ក្រៅពីមណ្ឌលប្រឡងទាំង៣ខាងលើ មណ្ឌលប្រឡងជាច្រើនទៀត នៅទូទាំងខេត្តតាកែវ ក៏មានភាព អនាធិបតេយ្យផងដែរ ជាពិសេសមណ្ឌលប្រឡង នៅស្រុកគិរីវង់ មានសេចក្ដីរាយការណ៍ ប្រាប់ថា មានអ្នកចូលបោះព្រីយ៉ុង និងយកទូរស័ព្ទទំនើបៗចូល ដោយគ្មានការទប់ស្កាត់នោះទេ។

ពាក់ព័ន្ធទៅ នឹងភាពអនាធិបតេយ្យ នៃការបោះព្រីយ៉ុង ពីសំណាក់មិត្តភក្តិ និងសាច់ញាតិបេក្ខជនប្រឡង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ លោក សៀវ សាខន មិនអាចសុំការ អត្ថាធិប្បាយបានទេនៅថ្ងៃនេះ។

គួរបញ្ជាក់ថា នៅក្នុងខេត្តតាកែវទាំងមូល មានមណ្ឌលប្រឡង ចំនួន២០ នៅក្នុងស្រុក៧ និងក្រុង មួយ ហើយមានបេក្ខជនប្រឡង ចំនួន ៩.៦០០នាក់៕

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល