កាលពីម៉ោងប្រហែល ១១ព្រឹក ថ្ងៃទី ១៥ ខែវិច្ឆិកានេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ស្ដុបផ្សារដើមគ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នាឈរមើលទិដ្ឋាភាពនៅកន្លែងកើតហេតុ ដោយក្ដីងឿងឆ្ងល់ និងបណ្ដាលអោយស្ទះចរាចរណ៍មួយសន្ទុះធំ ដោយសារតែវិញ្ញាណបីសាចជញ្ជក់ឈាម។
បន្ទាប់ពីហេតុការណ៍ខាងលើបានកើតឡើងមួយសន្ទុះ ក៏មាននគរបាលមួយក្រុម មកសួរនាំ ដោយសារតែមានមនុស្សរាប់រយនាក់នាំគ្នាចោមរោមមើលកុមារពីរនាក់ កំពុងដេកក្បែរសសរទ្រផ្ទាំងផ្សាយពាណិជ្ជកម្ម នៅលើសួនស្មៅក្បែរស្ដុបផ្សារដើមគ បណ្ដាលអោយស្ទះចរាចរណ៍។
ដំបូងឡើយ ទាំងអ្នកដំណើរ ទាំងក្រុមនគរបាល មានការងឿងឆ្ងល់ខ្លាំងណាស់ ដោយសារតែបានឃើញកុមារពីរនាក់ ដែលពួកគេហាក់ដូចកំពុងសន្លប់ ឬបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ប៉ុន្ដែ នៅពេលយើងងាកទៅម្ខាងទៀត ទើបដឹងថា វាគ្រាន់តែជាការថតស្ពតអប់រំតែប៉ុណ្ណោះ។
អ្នកដឹកនាំក្នុងការថតស្ពតអប់រំនេះ បានអោយដឹងថា ខ្សែវីដេអូដែលពួកគេកំពុងថតនេះ គឺជាស្ពតអប់រំដែលមានចំណងជើងថា វិញ្ញាណបីសាចជញ្ជក់ឈាម ដែលនឹងត្រូវបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ ចាប់ពីថ្ងៃទី ២១វិច្ឆិកាខាងមុខ។
ក្រុមការងារថតស្ពតនេះ ប្រាប់អោយដឹងថា ខ្សែវីដេអូខ្លីនេះនិយាយអំពីការរស់នៅតាមចិញ្ចើមផ្លូវ និងមិនមានការការពារសុខភាពរបស់កុមារអនាថា ជាពិសេសគឺការឆ្លងរោគគ្រុនឈាម បណ្ដាលមកពីមូសខាំ។
នៅក្នុងការថតនេះ គេឃើញមានតួអង្គសំខាន់ម្នាក់គឺ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ដោយលោកដើរជាតួអង្គចិត្តល្អម្នាក់ បានជួយដល់កុមារអនាថា ទាំងពីរនាក់ដែលកំពុងដេកសម្រាកនៅលើវាលស្មៅ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពថត ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែការស្ទះចរាចរណ៍៕







ដោយ ៖ សូរីយ៉ា