(ភ្នំពេញ)៖ ពានរង្វាន់ Hun Sen Cup លើកទី១០ នឹងត្រូវសម្រាកការប្រកួតរយៈពេល ១សប្ដាហ៍ ដើម្បីឲ្យកីឡាករជាប់ជម្រើសជាតិមកពីក្លឹបនានា ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ខណៈការប្រកួតនឹងចាប់ផ្ដើមជាថ្មី នៅថ្ងៃទី៨ ខែមិថុនាខាងមុខ ។ ប៉ុន្ដែមុននឹងសម្រាកមានក្រុមមួយចំនួនធំហើយ ដែលទទួលបានកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនោះ ។
សម្រាប់ពូល A គឺមានក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាងជាមួយ ១២ពិន្ទុ ដោយអស់ក្ដីបារម្ភ ទោះការប្រកួតនៅសល់១សប្ដាហ៍ទៀតក៏ដោយ ។ ប៉ុន្ដែក្រុម Cam-Tiger ឈរលេខ២ ដោយមាន១០ពពិន្ទុ មានសង្ឃឹម ៩៩%នៅឡើយ ព្រោះត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នាសប្ដាហ៍ចុងក្រោយ គ្រាដែលខេត្តកំពង់ឆ្នាំង មាន៧ពិន្ទុជាគូប្រជែង ត្រូវការឈ្នះព្រះសីហនុ លើសពី៤០គ្រាប់ ដើម្បីទម្លាក់ Cam-Tiger ។
ដោយឡែកពូល B និង C បានរកឃើញក្រុមខ្លាំង ៤ក្រម ដែលទទួលបានកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រហើយ ក្នុងនោះពូល B រួមមានក្រុមក្រសួងការពារជាតិ (លេខ១) និងក្រុមបឹងកេតអង្គរ (លេខ២) មាន១២ពិន្ទុស្មើគ្នា រីឯពូល D គឺភ្នំពេញក្រោន (លេខ១) និងលេខ២ ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលមាន១២ពិន្ទុដូចគ្នា ។
ចំណែកពូល D វិញពេលនេះទើបរកឃើញក្រុមឡើងវគ្គបន្ដ ១ក្រុមប៉ុណ្ណោះ គឺក្រុមណាហ្គាវើល ដែលមាន១២ពិន្ទុ ។ ឯ ៣ក្រុមផ្សេងទៀត ត្រូវប្រជែងកៅអីលេខ២ នៅក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ ខណៈបច្ចុប្បន្នក្រុមទាំង៣ មានពិន្ទុប្រកៀកប្រកិតគ្នា រួមមានក្រុមប៉ូលិសមាន៨ពិន្ទុ ក្រុមខេត្តសៀមរាប និងក្រុមខេត្តស្វាយរៀងមាន ៧ពិន្ទុស្មើគ្នា ។ ចំពោះការប្រកួតសប្ដាហ៍ចុងក្រោយ ក្រុមប៉ូលិស ប៉ះក្រុមណាហ្គាវើល ឯក្រុមខេត្តសៀមរាប ប៉ះក្រុមខេត្តស្វាយរៀង ។ ចាំមើលក្រុមណាឡើងវគ្គបន្ដជាមួយណាហ្គាវើល?
គួរបញ្ជាក់ផងដែរថា ការប្រកួតជម្រុះដំណាក់កាលទី២ នៃពានរង្វាន់ Hun Sen Cup រដូវកាលថ្មីនេះ គឺនៅសល់ការប្រកួត ១សប្ដាហ៍ទៀតគ្រប់ពូល ប៉ុន្ដែសម្រាប់ពូល B និងពូល C គឺគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះគ្មានក្រុមណាអាចប្រជែងកៅអីក្រុមឈរកំពូលតារាងបានឡើយ ។ ចំណែកក្រុមពូល A និងពូល D គឺត្រូវមានការប្រជែងខ្លាំង ព្រោះក្រុមមួយចំនួន ត្រូវការឈ្នះដាច់ខាត ដើម្បីឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ៕
រូបពាន សម្តេចតេជោ ហ៊ុន សែន
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង