អង្គជំនុំជម្រះសាលាឧទ្ធរណ៍នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃពុធ បានដិសេធសាលក្រមសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ស្តីពីការឃុំខ្លួនលោក Laurent Gbagbo ដោយបង្គាប់ឱ្យអង្គជំនុំជម្រះសាលាដំបូងបន្តការឃុំខ្លួនលោក Laurent Gbagbo រហូតដល់តុលាការនេះធ្វើការពិនិត្យឡើងវិញស្ដីពីការដោះលែងជនជាប់ចោទរូបនេះ។ ក្នុងនាមជាអតីតប្រធានាធិបតី កូតឌីវ័រ លោក Gbagbo ត្រូវបានឃុំខ្លួនចាប់តាំងពីឆ្នាំ ២០១១ មក  ហើយបច្ចុប្បន្នកំពុងប្រឈមនឹងការចោទប្រកាន់ពីតុលាការ ពីបទប្រព្រឹត្ដឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក Gbagbo បានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង  ដែលបដិសេធសំណើសុំឱ្យដោះលែងរូបលោក។ អង្គជំនុំជម្រះសាលាឧទ្ធរណ៍ បាននិយាយថា តុលាការជាន់ទាប បានបរាជ័យក្នុងការធ្វើវិចារណកិច្ចលើអង្គហេតុមួយចំនួន មុនពេលបដិសេធមិនព្រមដោះលែងលោក Gbagbo ដោយតុលាការនេះលើកឡើងថា៖

អង្គជំនុំជម្រះសាលាដំបូង បានពិចារណាទាំងភាន់ច្រឡំថា អាយុរបស់លោក Gbagbo អំណោយផលដល់ការបន្ដឃុំខ្លួនលោកទៅទៀត។ លើសពីនេះទៅទៀត បើទោះបីជាតុលាការនេះ សន្មតថា រូបលោកគ្មានពិរុទ្ធភាព ហើយមានសិទ្ធិរួចផុតពីការបង្ខិតបង្ខំឱ្យផ្តល់សក្ខីកម្ម ឬសារភាពកំហុសក្ដី ក៏អង្គជំនុំជម្រះសាលាដំបូងនៅតែ សំអាងលើអង្គហេតុទាំងភាន់ច្រឡំថា ជនជាប់ចោទរូបនេះ បានបដិសេធការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនត្រូវបានចោទប្រកាន់នោះ។ តុលាការនេះ ក៏បរាជ័យផងដែរ ក្នុងការពិចារណាពីរយៈពេលនៃការឃុំខ្លួនរបស់លោក Gbagbo និងស្ថានភាពសុខភាពរបស់លោក។

/

សេចក្ដីសម្រេចរបស់តុលាការអន្ដរជាតិនេះ បានសង្កត់ធ្ងន់ថា ខ្លួនមិនបានស្នើយោបល់ឱ្យអង្គជំនុំជម្រះសាលាដំបូង ត្រូវតែពិនិត្យឡើងវិញនូវសេចក្ដីសម្រេចចុងក្រោយរបស់ខ្លួននោះទេ ប៉ុន្ដែខ្លួនស្នើយោបល់ថា អង្គជំនុំជម្រះនេះ ត្រូវធ្វើវិចារណកិច្ចគតិយុត្ដឱ្យបានល្អិតល្អន់លើគ្រប់អង្គហេតុ  មុនពេលចេញសេចក្ដីសម្រេច។

ការឃុំខ្លួន និងភាពចលាចលរបស់លោក Gbagbo  ដែលប្រទេសកូតឌីវ័រកំពុងប្រឈម កើតចេញពីអំពើរបស់លោក Gbagbo បន្ទាប់ពីការបរាជ័យក្នុងការប្រជែងយកតំណែង ប្រធានាធិបតីជាលើកទី ២ របស់លោកជាមួយអតីតនាយករដ្ឋមន្ត្រី អាឡាសាន អ៊ូតារ៉ា។ សហភាពអឺរ៉ុបបានទទួលស្គាល់ថា លោក វ៉ាតារ៉ា បានផ្ចាញ់លោក Gbagbo  ប៉ុន្តែលោក Gbagbo បានបដិសេធមិនព្រមទទួលស្គាល់ថា ខ្លួនបរាជ័យឡើយ។

          លោក Gbagbo ត្រូវបានតុលាការចោទប្រកាន់ថា លោកបានចាប់ផ្តើមសង្គ្រាមស៊ីវិលមួយ បន្ទាប់ពីបាត់បង់តំណែងជាប្រធានាធិបតី ដែលបានបណ្តាលឱ្យមនុស្ស ៣,០០០ នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស ១ លាន់នាក់ទៀតត្រូវបង្ខំចិត្ដផ្លាស់ទីលំនៅ។ អ្នកបោះឆ្នោត នៅក្នុងប្រទេសកូតឌីវ័រ បានទទួលជោគជ័យលើការអនុម័តរដ្ឋធម្មនុញ្ញថ្មី កាលពីឆ្នាំមុន។ នៅក្នុងខែវិច្ឆិកា លោក អាត់តារ៉ា បានចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញ ឱ្យចូលជាធរមាន៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist