ភ្នំពេញៈ ជនសង្ស័យបានពីរនាក់ បានហៅអ្នករត់ម៉ូតូម្នាក់ ឌុបយកទៅទីកន្លែង ដែលគេណាត់បក្ខពួក របស់គេជួប លុះទៅដល់កំពុង តែហូតកាបូបលុយ រាប់ឲ្យ ជនរងគ្រោះ ក៏ស្រាបតែគ្នារបស់គេ មកដល់រួចហើយ ធ្វើសកម្មភាពវាយទៅលើជនរង គ្រោះទម្លាក់ប្រឡាយ ទឹករួចហើយនាំគ្នា ជិះម៉ូតូចេញទៅ២នាក់ នឹងពីរនាក់ទៀត រត់គាត់វាលស្រែទៅបាត់ទាំងអស់គ្នា ។

ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ ស្ថិតនៅក្បែរប្រឡាយទឹក ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូដែលត្រូវក្រុមចោរ វាយប្លន់យកទៅ បាត់នោះម៉ាកសេ១២៥ ពណ៌ខ្មៅសេរី ឆ្នាំ២០១២ ពាក់ស្លាកលេខ កំពត1E-1400 ម្ចាស់មាន ឈ្មោះ វ៉ាត ញេញ់ ភេទប្រុស អាយុ២៨ ឆ្នាំមានមុខរបររត់ម៉ូតូឌុបស្នាក់ផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវក្រុមចោរ វាយបែកមាត់និង ជាំភ្នែក (ការវាយនេះ គឺវាយដោយដៃនោះទេ)ចំណែកឯក្រុមចោរវិញ មានគ្នា ៤នាក់ ពុំត្រូវគេស្គាល់ អត្តសញ្ញាណនោះ ទេ មធ្យោបាយថ្មើរជើង គេចខ្លួនបាត់ទាំងអស់គ្នា។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុមាននារីម្នាក់ បានហៅជនរងគ្រោះឌុប មកម្តុំជញ្ជីងចោមចៅ ពេលមកដល់ដាក់នាងរួច ហើយជិះម៉ូតូចេញបានប្រមាណជា២០ម៉ែត្រ ស្រាប់តែជួបជនសង្ស័យពីរនាក់ បានហៅឲ្យទៅម្តុំភូមិចោមចៅ ដោយឲ្យតម្លៃ៤ពាន់រៀល ពេលទៅដល់ម្តុំកែង ហ្គារ៉ាសសាំង ឲ្យជនរងគ្រោះឌុបចូល ក្នុងប្រមាណ ជា ៤០០ម៉ែត្រទៀត ពេលទៅដល់ជនសង្ស័យទាំងពីរនាក់បានធ្វើជាហូតលុយឲ្យជនរងគ្រោះ ប៉ុន្តែខណៈបំរុង រាប់លុយឲ្យជនរងគ្រោះនោះ ក៏ស្រាប់ តែឃើញបក្ខពួក របស់គេ២នាក់ទៀត ចេញមករួចហើយ ក៏ធ្វើសកម្មភាព វាយដាល់ជនរងគ្រោះទម្លាក់ប្រឡាយទឹក រួចហើយជិះម៉ូតូរួចហើយ បក្ខពួករបស់គេពីរនាក់ បានឡើងជិះម៉ូតូ របស់ជនរងគ្រោះគេចខ្លួនទៅបា់ត់ដោយសុវត្ថិភាព និងគ្នារបស់គេ២នាក់ទៀតរត់កាត់វាលស្រែ ។

ប្រភពបានបន្តថា ភ្លាមៗ នោះនគរបាល ខណ្ឌបានសហការ ជាមួយនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ បាននាំជនរងគ្រោះមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ និងបានតាមរុករកមុខសញ្ញាពេលវាលទាំងយប់ ប៉ុន្តែដោយសារស្ថានភាពនៅ នោះមានសភាពស្មុគស្មាញពេក ធ្វើឲ្យក្រុមចោររត់រួចបាត់ ។

ប្រភពបានបន្តថា សកម្មភាពបែបនេះ គឺកើតឡើងច្រើនលើករួចមកហើយនៅម្តុំនេះ ព្រោះជនសង្ស័យ តែងតែហៅជនរងគ្រោះ ជាអ្នករត់ ម៉ូតូឌុបយកទៅទីនោះរួច ហើយធ្វើសកម្មភាពវាយប្លន់តែម្តង ដូច្នេះមុខសញ្ញា នេះទំនងជាមុខ សញ្ញាដដែល ប៉ុណ្ណោះ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល