ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា នៅប្រទេសជប៉ុនឯណោះវិញពោលគឺនៅក្នុងទីក្រុង Hiroshimaតែម្តង ក្រុមមនុស្សប្រមាណជាង៥០,០០០នាក់ បានមកប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនាឱកាសចូលរួមរំលឹកខួបលើកទី៦៨ នៅក្នុងសួនសន្តិភាពទីក្រុង Hiroshima កាលពីព្រឹកថ្ងៃអង្ការម្សិលមិញនេះ ដើម្បីរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារការទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរដោយអាមេរិកកាលពីថ្ងៃទី ៦ ខែ ៨ ឆ្នាំ១៩៤៥។ អ្នករស់រានមានជីវិតពីសម័យនោះ សាច់ញាតិ មន្ត្រីរដ្ឋាភិបាល និង ប្រតិភូបរទេស បានស្មឹងស្មាធិ៍ដោយឈរស្ងៀមស្ងាត់នៅវេលាម៉ោង ៨:១៥នាទីព្រឹកម៉ោងក្នុងស្រុក ដើម្បីរំលឹកដល់ជនរងគ្រោះដែលបានស្លាប់ដោយសារសោកនាដកម្ម ដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តនេះ។

គួររំឭកផងដែរថា ទីក្រុង Hiroshima ដែលពោរពេញដោយភាពរីកចម្រើនមួយ កាលពី៦៨ឆ្នាំមុន បានក្លាយជាផេះ ក្នុងមួយប្រព្រិចភ្នែក បន្ទាប់ពីអាមេរិកបានប្រើយន្តហោះឈ្មោះថា Enola Gay ទៅទម្លាក់គ្រាប់បែកនុយក្លេអ៊ែរឈ្មោះថា Little Boy នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ១៩៤៥ ។ មនុស្ស ១៤០.០០០នាក់បានស្លាប់ជាបន្តបន្ទាប់ មុនខែធ្នូ ឆ្នាំ១៩៤៥ ហើយ ៣ ថ្ងៃក្រោយមក គឺនៅថ្ងៃទី៩សីហាឆ្នាំដដែលនេះ អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលមានឈ្មោះថា Fat Man ជាលើកទី២ នៅទីក្រុង Nagasaki បន្ថែមទៀត ។ ការទម្លាក់គ្រាប់របស់អាមេរិកនៅពេលនោះ បានបញ្ចប់មហិច្ឆតារបស់ជប៉ុនក្នុងការដណ្ដើមកាន់កាប់ទឹកដីជាច្រើន នៅអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ពោលគឺការបញ្ចប់សង្គ្រាមលោកលើកទី២។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល ក៏បានអះអាងបន្ថែមផងដែរថា នាឱកាសនៃការប្រារព្ធខួបលើកទី ៦៨ នៃការទម្លាក់គ្រាប់បែកលើកនេះ គេក៏ឃើញមានលោកនាយករដ្ឋមន្រ្តីប្រទេសនេះ Shinzo Abe ចូលរួមជាអធិបតីភាពផងដែរ។ នៅក្នុងពិធីរំលឹកខួបនេះ មន្ត្រីរបស់ជប៉ុនក៏បានលើកឡើងដែរថា រដ្ឋាភិបាលរបស់ខ្លួននឹងប្ដេជ្ញាគ្រប់បែបយ៉ាងដើម្បីពង្រឹងវិស័យ ការពារជាតិឡើងវិញ ស្របពេលដែលទីក្រុងតូក្យូកំពុងមានស្ថានការណ៍តានតឹងលើជម្លោះដែន កោះជាមួយកូរ៉េខាងត្បូង និងជាពិសេសជាមួយនឹងមហាយក្សសេដ្ឋកិច្ចចិនក្នុងរយៈពេលចុងក្រោយ នេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅឯប្រទេសជប៉ុនមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពីរបានកើតឡើងព្រមគ្នា ក្នុងនោះ រួមមានការរំលឹកខួប ក៏ដូចជារំលឹកវិញ្ញានក្ខ័ន្ធលើក ៦៨ នៃការទម្លាក់គ្រាប់បែក និងមួយផ្សេងទៀត ជប៉ុនបានដាក់តាំងបង្ហាញកប៉ាល់ចំបាំងដ៏ធំជាងគេបំផុតក្នុងទំព័រប្រវត្តិសាស្រ្តរបស់ខ្លួនចាប់តាំងពីបញ្ចប់សង្រ្គាមលោកលើកទី ២ (ចុចទីនេះ ដើម្បីអានអត្ថបទដើម) ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost