កំពង់ចាមៈ មន្ត្រីនគរបាលម្នាក់ មានឋានន្តរស័ក្តិ ព្រិន្ទបាលឯក មានភារកិច្ច ការពារចំការកៅស៊ូមេមត់ បានជិះម៉ូតូ ធ្លាក់ស្ពាន ស្លាប់ កាលពីវេលា ម៉ោង ៤ ទាបភ្លឺ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ នៅចំណុច ស្ពានខាងលិចព្រែកជីក ស្ថិតក្នុងភូមិព្រះ ពន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំកណ្តោលជ្រុំ លោក អ៊ី សូកូទី បានប្រាប់ឲ្យដឹងថា មន្ត្រីនគរបាល ដែលជិះម៉ូតូធ្លាក់ស្ពាន ស្លាប់នោះ មានឈ្មោះ ស៊ឹម ស៊្រាង ភេទប្រុស អាយុ ៥០ ឆ្នាំ មានស្រុកកំណើតនៅភូមិទី២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម មានភារកិច្ច ការពារចំការកៅស៊ូមេមត់ ។
លោកនាយប៉ុស្តិ៍ បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ខាងលោក បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ដែលបាន ប្រទះឃើញសពជនរង គ្រោះ អណ្តែតក្នុងទឹក ក្បែរស្ពាន និងមានម៉ូតូ ១ គ្រឿង ដួលក្បែរនោះដែរ ។ បន្ទាប់មក ទើបសមត្ថ កិច្ចនគរបាល បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសព ជាលទ្ធផលឃើញថា សពជនរងគ្រោះ មានពាក់មួកជាប់ក្បាល ប៉ុន្តែ មានហូរឈាមច្រើនតាមគុម្ពត្រចៀក ។ ហើយសពជន រងគ្រោះ សមត្ថកិច្ច បានសន្និដ្ឋានថា នៅវេលាម៉ោង ៤ទាបភ្លឺ យប់ថ្ងៃទី១៨ ខែមេសា ជនរងគ្រោះ ជិះម៉ូតូមកពីស្រុកកំណើត លុះមកដល់ចំណុច កើតហេតុ ក៏ប៉ះជាមួយស្ពាន ហើយផ្លោងទាំងម៉ូតូ ទាំងមនុស្ស បោកជាមួយថ្មឃឿនស្ពាន បណ្តាលឲ្យរបួសកញ្ចឹងក និងគុម្ពត្រចៀក ឈ្លក់ទឹកស្លាប់ តែម្តង ព្រោះថា នៅយប់ទាបភ្លឺនោះ គ្មាននរណាបានឃើញ និងជួយជនរងគ្រោះនោះទេ ។
លោកនាយប៉ុស្តិ៍ បានឲ្យដឹងទៀតថា សពជនរងគ្រោះ ក្រោយពីបានពិនិត្យ សមត្ថកិច្ច បានប្រគល់ជូនអង្គភាព ដើម្បីដឹកបញ្ជូន ទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល