អ្នករចនាម៉ូតជនជាតិអង់គ្លេស លោក Stuart Hughes ដែលល្បីល្បាញខាងផ្នែករចនាម៉ូតបណ្តា ឧបករណ៍ប​ច្ចេកវិទ្យាបែបទំនើបៗ ប្រណិតៗ បានធ្វើការកែច្នៃទូរស័ព្ទ iPhone 5 ដោយមានបំពាក់នូវពេជ្រ ហើយវាមានតំលៃឡើងដល់ ១៧,៨ លានដុល្លារ។ នេះអាចចាត់ទុកបានថា វាជាទូរស័ព្ទដែលមានតំលៃថ្លៃជាងគេបំផុត នៅលើពិភពលោក។

Hughes បានប្រាប់ឲ្យដឹងថា: “ទូរស័ព្ទ iPhone 5 ដែលគាត់កែច្នៃឡើងនេះ មានតំលៃថ្លៃជាងគេលើពិភពលោក”។ គាត់បានប្រើពេលអស់ ៩សប្តាហ៍ដើម្បីកែច្នៃស៊ុមរបស់ iPhone 5 ឡើងវិញដោយប្រើមាស 24K។ ផលិតផលនេះ គឺត្រូវបានធ្វើដោយដៃទាំងស្រុង។ ប៊ូតុង Home របស់ iPhone 5 ត្រូវបានផ្លាស់ប្តូរដោយបំពាក់នូវពេជ្រពណ៌ខ្មៅមួយគ្រាប់ ទម្ងន់ ២៦ ការ៉ាត់(Carat) ហើយផ្នែកស៊ុមនៃតួទូរស័ព្ទ បំពាក់គ្រាប់ពេជ្រពណ៌ស ចំនួន ៦០០ គ្រាប់។ អេក្រង់របស់វា ធ្វើឡើងពីកញ្ចក់ sapphire ដ៏រឹងមាំ, Hughes ចែករំលែកឲ្យដឹង។ ប្រភេទនៃអេក្រង់នេះ មានភាពរឹងមាំជាងច្រើន បើប្រៀបជាមួយកញ្ចក់ Gorilla Glass ដែលបានប្រើនៅលើ iPhone 5ធម្មតា។

/

ចំណែក Logo របស់ Apple ដែលស្ថិតនៅផ្នែកខាងក្រោយទូរស័ព្ទ ក៏បានបំពាក់នូវគ្រាប់ពេជ្រចំនួន ៥៣គ្រាប់ផងដែរ។ ទូរស័ព្ទនេះ គឺត្រូវបានអ្នកជំនួញជនជាតិចិនម្នាក់ ជាអ្នកកុម្មង់ឲ្យធ្វើ។គាត់ គឺជាអ្នកដែលផ្តល់គ្រាប់ពេជ្រពណ៌ខ្មៅ ដែលបានដាក់នៅប៊ូតុង Home របស់ទូរស័ព្ទនេះ។ដូច្នេះ ចំនួនទឹកប្រាក់ដែលគាត់ត្រូវផ្តល់ឲ្យ Stuart Hughes ក៏មិនដល់តំលៃ ១៧,៨ លានដុល្លារដែលបាននិយាយខាងលើដែរ៕

ដោយ៖ សិលាប្រភព៖ Zng