ស្រុកមួយនៅក្នុងប្រទេសចិន បានលើកផ្លាកអបអរសាទរបន្ទាប់ពីត្រូវបានបញ្ចូលឈ្មោះ
ទៅក្នុងបញ្ជីតំបន់ដែលក្រីក្ររបស់ខេត្ត។


ផ្លាកអបអរសាទរ ស្រុកក្រីក្រ ត្រូវបានលើកនៅក្នុងស្រុក Xinshao នៃខេត្ត Hunan

ភ្លាមៗបន្ទាប់ពីត្រូវបានទទួលស្គាល់ថាជាតំបន់ក្រីក្រ ផ្លាកធំមួយដែលមានបំពាក់អំពូលភ្លើង​
LED ត្រូវបានមន្ដ្រីមានសមត្ថកិច្ចស្រុក Xinshao នៃខេត្ត Hunan លើដាក់បង្ហាញជាសាធារណៈ
ជាមួយនឹងខ្លឹមសារ ៖ អបអរសាទរស្រុក Xinshao ត្រូវបានទទួលស្គាល់ជាស្រុកក្រីក្រ និង
ក្លាយជាតំបន់មួយ ត្រូវបានយកចិត្តទុកដាក់ពីកម្មវិធីកាត់បន្ថយភាពក្រីក្រ។

បន្ទាប់ពីត្រូវបានបង្ហោះនៅលើអ៊ីនធើរណែតភ្លាម ព័ត៌មាននេះក៏ទទួលបានការចាប់អារម្មណ៍
យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើរណែត។ ខណៈដែលស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់កំពុង
អន់ថយ ជីវភាពប្រជាជនជួបការលំបាក ដែលជាការទទួលខុសត្រូវភាគច្រើនរបស់ក្រុមមន្ដ្រី
ស្រុក ប៉ុន្ដែពួកគេបែរជាអបអរ ហាក់ដូចជាស្នាដៃ ឬជោគជ័យដ៏ល្អមួយរបស់ពួកគេ។

China Buzz ដកស្រង់សំដីបុគ្គលិកម្នាក់នៅមន្ទីរទូរគមនាគមន៍ស្រុក Xinshao បានអោយ
ដឹងថា នាងមិនបានដឹងពីបញ្ហានេះនោះទេ រហូតមកទល់នឹងពេលត្រូវបានប្រកាសអោយ
ដឹង ខណៈដែលក្រោយមកបន្ដិច អ្នកលេងអ៊ីនធើរណែតមានការរិះគន់អំពីព័ត៌មាន ល្អ
ដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់អាជ្ញាធរស្រុក ដោយខ្លឹមសារថា ៖
បន្ទាប់ពីឧបសគ្គជាច្រើនមិនធ្លាប់ត្រូវបានប្រកាស ចុងក្រោយស្រុក Xinshao ក៏ត្រូវបាន
ទទួលស្គាល់ថាជាស្រុកក្រីក្រ និងកំពុងត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់។

ជាការពិត នេះគឺជាប្រការមួយដែលអ្នកដឹកនាំមួយចំនួនមិនចង់ទទួលស្គាល់ ព្រោះថាវាជា
មុខមាត់របស់អ្នកទទួលខុសត្រូវប្រចាំតំបន់។ ទោះជាយ៉ាងណាក៏ដោយវាជាការប្រសើរនៅ
ពេលស្រុករបស់ពួកគេត្រូវបានទទួលស្គាល់ថាជាស្រុកក្រីក្រ និងទទួលបានការយកចិត្តទុក
ដាក់ពីរដ្ឋាភិបាល បែបនេះស្រុករបស់ពួកគេអាចមានការរីកចម្រើនឡើងដោយសារជំនួយ
ឬគម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនានាពីរដ្ឋាភិបាល ជាជាងការលាក់បាំងបញ្ហា ដើម្បីរក្សាមុខមាត់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS