ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង យ៉ាងកក្រើករាជធានីភ្នំពេញ ខណៈដែលកូនអ្នកមានអំណាច និងមាន បុណ្យស័ក្តិខ្ពស់៣ទៅ ៤នាក់ បើករថយន្តកាមរីបាឡែន មួយគ្រឿង ក្នុងល្បឿនលឿន ប៉ះគ្នាជាមួយរថយន្ត ឡិចស៊ីស RX300 បន្តិចបន្តួច ផ្ទុះហិង្សាដកកាំភ្លើង វាយកញ្ចក់រថយន្តឡិចស៊ីស ផ្នែកខាងមុខបែកខ្ទេច និង ចូលភ្ជង់នារី ២នាក់ និងយុវជនម្នាក់ ដល់ក្នុងរថយន្តឡិចស៊ីស ព្រមទាំងបើករថយន្ត ដេញបុកគូថរថយន្តឡិចស៊ីស នោះថែមទៀត។ ហេតុការណ៍នេះ បានកើត ឡើងកាលពីវេលា ម៉ោង២និង០០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុចមុខផ្សារទំនើបស៊ីធីម៉ល ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ករណីខាងលើសាក្សី ដែលឃើញហេតុការណ៍ បាននិយាយរៀបរាប់ ប្រាប់មន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចំការមនថា មុនពេល កើតហេតុ មានរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-9474 បើកបរដោយយុវជនម្នាក់ និងរួមដំណើរ ដោយនារី ២ នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈបើកដល់ចំណុច មុខផ្សារទំនើប ស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែមានរថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T- 0395 បើក បរដោយក្រុមយុវជនទំនើង ៣ទៅ៤ នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា ហើយសុទ្ធតែអ្នកអំណាចទៀត ថែមទាំងមានកាំភ្លើង ប្រើប្រាស់ផងដែរនោះ បានបើកមកប៉ះគ្នាជាមួយ រថយន្តឡិចស៊ីស RX300 ខូចខាតបន្តិចបន្តួច ប៉ុន្តែម្ចាស់រថយន្តទាំង ២ គ្រឿងប្រកែកគ្នា រហូតធ្វើឲ្យម្ចាស់រថយន្ត ឡិចស៊ីសភ័យ ក៏សម្រេចបើករថយន្តរត់គេច រហូតមកដល់ចំណុចស្តុបអាងទឹកទើប ក្រុមយុវជនទំនើង បើករថយន្តកាមរីបាឡែន ទៅកាក់ពីមុខរថយន្តឡិចស៊ីស និងបានដកយកកាំភ្លើងខ្លី វាយបែកកញ្ចក់ រថយន្តឡិចស៊ីស ផ្នែកខាងមុខខ្ទេច រួមទាំងចូលភ្ជង់ អ្នកបើកបរថយន្តឡិចស៊ីសថែមទៀត។
គួរបញ្ជាក់ថា ក្រោយមានហេតុការណ៍ភ្ញាក់ផ្អើល ដល់អ្នកដំណើររថយន្តឡិចស៊ីស ក៏បានព្យាយាមបើកគេច ពីរថយន្ត កាមរីបាឡែន ព្រោះមិនចង់មានរឿងវែងឆ្ងាយ ប៉ុន្តែក្រុមយុវជនខាងលើ នៅមិនទាន់អស់ចិត្ត បានបើករថយន្តដេញបុក រថយន្តឡិចស៊ីស រហូតមកដល់ចំណុច មុខទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ទើបម្ចាស់រថយន្តឡិចស៊ីស ឈប់ រថយន្ត រត់ចូលសុំការអន្តរាគមន៍ ពីកងរាជអាវុធហត្ថ ខណៈនោះម្ចាស់រថយន្តកាមរីបាឡែន បានចុះពីលើរថយន្ត ដើរសំដៅ ទៅរករឿងគេ ដល់មុខទីបញ្ជាការ កងរាជអាវុធហត្ថថែមទៀត ទើបធ្វើឲ្យផ្អើលដល់ មន្រ្តីកងរាជអាវុធហត្ថ ចេញមកឃាត់ រថយន្តទាំង ២ គ្រឿង និងដកហូតកាំភ្លើងខ្លីមួយដើម ពីម្ចាស់រថយន្តកាមរី បាឡែន រួមទាំងឃាត់ម្ចាស់រថយន្ត នាំចូលក្នុងទី បញ្ជាការ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធ នឹងករណីខាងលើនេះ។
ដោយម្ចាស់រថយន្តឡិចស៊ីស មិនចង់ឲ្យមានរឿងកាន់តែធំនោះ បានសម្រេចទាមសំណងពីម្ចាស់ រថយន្តឡិចស៊ីសថ្លៃខូច ខាតកញ្ចក់រថយន្ត ផ្នែកខាងមុខតែប៉ុណ្តោះ ដោយពុំបានបឹ្តង ពីបទដកកាំភ្លើងគំរាម កំហែងនោះទេ ។ ប៉ុន្តែបើទោះបីជា ម្ចាស់រថយន្តកាមរីបាឡែន សងសំណងជូនភាគីរថយន្តឡិចស៊ីស បញ្ចប់រឿង ពិតមែន សមត្ថកិច្ចកងរាជអាវុធ ខណ្ឌចំការមន មេត្តាអប់រំ និងផ្តន្ទាទោសក្រុមទំនើង អាងអំណាចដកកាំភ្លើងគំរាម គេឯង ខាងលើឲ្យសមទៅតាមទង្វើរបស់ពួកគេផង កុំចេះ តែយោគយល់ ហើយដោះលែងពួកគេ ឲ្យទៅងាយៗនោះ ព្រោះដើម្បីបង្ការទៅថ្ងៃមុខ កុំឲ្យពួកគេដើរបង្កភាពចលាចល ដូចករណីខាងលើនេះទៀត ៕




បុរសរូបនេះដែលដកកាំភ្ជង់គំរាមស្រី្តបើករថយន្តឡិចស៊ីស ហើយលើកកាមេរ៉ា ថតអ្នកកាសែតវិញ
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល