-ជនសង្ស័យ ជាអង្គរក្សលោក ឧកញ៉ា ថោង សារ៉ាត់,ជនរងគ្រោះ ជានិស្សិតវាស់ វែងដីធ្លី

ភ្នំពេញ ៖ គ្រាន់តែជម្លោះរាំប៉ះគ្នាបន្ដិច បន្ដួចបានធ្វើឱ្យគូជម្លោះទាំងពីរ បបួលគ្នា ចេញមកវាយនៅខាងក្រៅក្លឹប រហូតមាន ការផ្ទុះអាវធមួយគ្រាប់ បណ្ដាលឱ្យយុវជន ម្នាក់រងរបួសធ្ងន់ចំភ្លៅ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ខណៈដែលជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមស្រាវជ្រាវ ហើយចាប់ខ្លួនបាន ។

ករណីផ្ទុះអាវុធដោយសារតែជម្លោះប៉ះគ្នាបន្ដិចបន្ដួច ខណៈរាំកំសាន្ដនៅក្នុងក្លឹប វើលដាន់ខាងលើនេះ បានកើតឡើង កាល ពីវេលាម៉ោង២និង៤០នាទីយប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្រៅក្លឹបតាម បណ្ដោយ ផ្លូវលេខ២៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មេបញ្ជាការរងអាវុធហត្ថ (អ.ហ) រាជ ធានីភ្នំពេញ លោកវរសេនីយ៍ឯក ពូ ដាវី បាន ឱ្យដឹងថា បន្ទាប់ពីមានករណីផ្ទុះអាវុធខាងលើនេះ លោកឧត្ដមសេនីយ៍យ៉ា គឹមអ៊ី មេបញ្ជាការរងអ.ហ លើផ្ទៃប្រទេស និងជា មេបញ្ចាការ អ.ហ រាជធានីភ្នំពេញ បាន បញ្ជាឱ្យតាមស្រាវជ្រាវរកមុខសញ្ញាជនដៃ ដល់ ដែលបង្កការផ្ទុះអាវុធ ធ្វើឱ្យមនុស្សរង របួសយ៉ាងដូច្នេះ ។

លោកពូ ដាវី បានបន្ដថា បន្ទាប់ពីទទួល បានបញ្ជាកម្លាំងអ.ហរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមសន្ដិសុខរបស់ក្លឹបវើលដាន់ និងសមត្ថកិច្ចមូលដ្ឋាន ក៏បាន ឈានទៅដល់ការឃាត់ខ្លួនជនបង្កការផ្ទុះអាវុធ ឈ្មោះឃ្លោក សាវឿន អាយុ៣៨ឆ្នាំ មុខរបរជាមន្ដ្រីយោធា និងមានតួនាទីជា អង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ ។ ដោយឡែកជនរងគ្រោះ ដែលរងការ បាញ់ ប្រហារដោយជម្លោះពាក្យ សំដីត្រឹម បន្ដិច បន្ដួចនេះ មានឈ្មោះសៅ ប៊ុន ថេន អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី១ និងជា យុវជន ស្ម័គ្រចិត្ដចុះវាស់វែងដីធ្លីនៅក្នុងក្រុម ១២០ ខេត្ដពោធិ៍សាត់ ហើយបច្ចុប្បន្នស្នាក់ នៅក្នុង វត្ដនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌ ទួល គោក រងបួសត្រូវចំភ្លៅខាងស្ដាំបៀមគ្រាប់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះ កុសុមៈ ហៅពេទ្យលោកសង្ឃ ។

បើតាមលោកពូ ដាវី មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល១០និង០០នាទីយប់ ថ្ងៃទី០៤ ខែមករា ជនរងគ្រោះបានចូលទៅ រាំលេងកំសាន្ដជាមួយមិត្ដនៅក្នុងក្លឹបខាងលើ ដោយមានគ្នា៦នាក់ លុះដល់វេលាម៉ោង ២និង២០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី ០៥ ខែមករា ជនរងគ្រោះបានឡើងទៅរាំ លេងនៅកណ្ដាលវង់ ហើយបានប៉ះនារីម្នាក់ ដែលជាមិត្ដភក្ដិរបស់ជនសង្ស័យ។ ពេល នោះជនសង្ស័យ ដែលមានគ្នាប្រហែល៦-៧ នាក់បានប្រើពាក្យសំដីឌឺដងនៅលើភាគីជន រងគ្រោះ រួចក៏បានបបួលគ្នាចេញទៅវាយ នៅខាងក្រៅ។ ដោយសារតែមានកំហឹងក្នុង ខ្លួនផងនោះ ជនរងគ្រោះក៏បានចេញ ទៅក្រៅ ដើម្បីជួបជាមួយក្រុមបង្ក លុះពេល ទៅដល់ខាងក្រៅក៏បានសួរនាំថា ហេតុអ្វីបានពួកឯងចង់វាយជាមួយខ្ញុំ ភ្លាម នោះជនរងគ្រោះបានស្ទុះទៅទះកំភ្លៀងភាគី បង្កមួយដៃ រួចភាគីបង្កក៏នាំគ្នាព្រួតវាយតប ។

បើតាមរបាយការណ៍របស់ អ.ហ បាន បន្ដថា ក្រោយពេលមានការវាយតប់ ពីភាគី បង្កជនរងគ្រោះបានរត់ឆ្លងទៅខាងលិចថ្នល់ រួចហើយក៏ឮផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឱ្យ ជនរងគ្រោះរងរបួសធ្ងន់ ដោយឡែកជនបង្ក បានជិះម៉ូតូគេចខ្លួនបាត់ បើតាមសាក្សីអះ អាងថា ជិះម៉ូតូម៉ាកត្រៃ ពណ៌ស ពាក់ស្លាក ខ.ម ៥៣៧២ ។ ក្រោយពីទទួលបានព័ត៌មាន នេះ និងមានការចូលរួមសហការបំភ្លឺពីសន្ដិសុខក្លឹបនិងសាក្សីមួយចំនួននោះ កម្លាំងអ.ហរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី និងលោកពូ ដាវី ជនសង្ស័យ ត្រូវបានចាប់ខ្លួននៅយប់ទៀបភ្លឺនោះ ។

បើតាមលោកពូ ដាវី បច្ចុប្បន្នជនសង្ស័យ រូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅ ទីបញ្ជាការដ្ឋាន អ.ហរាជធានីភ្នំពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

/

/

/

/

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល