កំពង់ចាមៈ ប្តីហេងស៊យម្នាក់ បានយកដែកឆាប ចាក់ទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសជាដំណំ បន្ទាប់ពីបុរសរូបនោះ បានបបួលនារីជាប្រពន្ធ ឲ្យទៅរួមរស់ជាមួយគ្នាវិញ ក្រោយពីនាងបានរត់ចោល អស់រយៈពេល៣ខែ ប៉ុន្តែបុរសដៃដល់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើ សកម្មភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចផ្ទូវបំបែកត្រើង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមមន្ត្រីនគរបាល ស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា ប្តីហេងស៊យ ដែលយកដែកឆាបចាក់ប្រពន្ធ មានឈ្មោះ ស្រី ឆៃគា ហៅអួង អាយុ ២៩ឆ្នាំ មានទីលំនៅភូមិសមរម្យ ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ចំណែក នារីរងគ្រោះ មានឈ្មោះ មន ម៉ាលី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិវ៉ារីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា នារីរងគ្រោះ ជាស្ត្រីមេម៉ាយ មានកូន ៤នាក់ ហើយមួយរយៈកន្លងទៅ នាងបានទៅនៅខេត្តរតនគិរី ដោយបានរួម រស់ជាប្តីប្រពន្ធ ជាមួយបុរសឈ្មោះ អួង អស់រយៈពេល៣ឆ្នាំ។
លុះ មុនពេលកើតហេតុ៣ខែ នារីរងគ្រោះ បានចុះចោលប្តីហេងស៊យនោះ ត្រឡប់មកខេត្តកំពង់ចាមវិញ ប៉ុន្តែពួកគេ នៅមានការទំនាក់ទនងគ្នា តាម ទូរស័ព្ទធម្មតា។ ហើយនៅថ្ងៃកើតហេតុ នារីរងគ្រោះ បានទូរស័ព្ទប្រាប់ទៅប្តី ដែលនៅខេត្តរតនគីរី ឲ្យផ្ញើលុយតាមរថយន្ត មកឲ្យខ្លួនចំនួន ២០ម៉ឺន រៀល ។ មានការទំនាក់ទំនងដូច្នោះ ខាងប្រុស បានយល់ព្រម ប៉ុន្តែ មិនផ្ញើតាមអ្នកបើកបរទេ គឺខាងប្រុស បានជិះរថយន្តមកតែម្តង ព្រោះមាន ចេតនា ចង់ជួបនិងសុំរួមរស់ជាមួយគ្នាវិញ។
លុះនៅរសៀលថ្ងៃកើតហេតុនោះ អ្នកទាំងពីរ ក៏បានជួបគ្នាមែន នៅចំណុចផ្លូវបំបែកត្រើង ហើយខណៈ នោះ ខាងប្រុស ក៏បាននិយាយសុំឲ្យខាងស្រី ទៅនៅខេត្តរតនគិរីវិញ ប៉ុន្តែខាងស្រីប្រកែកដាច់ខាតមិនព្រម ទើបខាងប្រុសខឹង ក៏យកដែកឆាបចាក់ ទៅលើខ្លួនប្រាណខាងស្រី ត្រូវជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទើបសមត្ថកិច្ចប៉ុស្តិ៍ឃុំអូរស្វាយ ធ្វើការ ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ នៅចំណុច កើតហេតុនោះ យកទៅអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ចាម ចាត់ការទៅតាម នីតិវិធី ។ ដោយឡែក នារីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាមភ្លាមៗ នោះដែរ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល