ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា បើតាមការព្យាករណ៍ ក្រុមមនុស្សដែលមានសមាជិកដល់ទៅ មួយម៉ឺននាក់ មកពីខេត្ត Leyte ភាគកណ្តាលប្រទេសហ្វីលីពីន អាចនឹងស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារពីសំណាក់ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលខ្លាំងបំផុត ឈ្មោះ ហាយយ៉ាន។


ជាមួយនឹងការវាយប្រហារពីសំណាក់ខ្យល់ព្យុះមួយនេះក្រុង Tacloban ត្រូវបានរកអោយឃើញថា ទទួលរងនូវឥទ្ធិពលអាក្រក់ជាងគេ ពោលគឺ បានបណ្តាលអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ រងនូវការខូចខាតទាំងស្រុង ។ ដោយឡែក បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស នាចុងសប្តាហ៍កន្លងទៅនេះ អោយដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិលើកនេះ បានកើនឡើងដល់ទៅ ១ ពាន់នាក់ជាងហើយ នៅក្នុងនោះ មនុស្សច្រើនជាង ១ សែន ២ ម៉ឺននាក់ បានផ្អើលនាំគ្នារត់ភៀសខ្លួន និងជម្លៀសខ្លួនទៅកាន់ទីទួល មានសុវត្ថិភាព។

យ៉ាងណាមិញ ខណៈប្រទេសនេះ កំពុងតែជួបនឹងការវាយប្រហារខ្យល់ព្យុះធម្មជាតិ ហើយនោះ រដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមប្រទេសហ្វីលីពីន បានចេញនូវប្រតិបត្តិការ ចេញជួយសង្គ្រោះរបស់ខ្លួន។

គួររំឭកផងដែរថា ខ្យល់ព្យុះ ហាយយ៉ាន ត្រូវបានគេរកអោយឃើញថា ជាខ្បល់ព្យុះដ៏មានឥទ្ធិពលខ្លាំងបំផុតរបស់ពិភពលោក បើចាប់គិតតាំងពីដើមឆ្នាំនេះ ខណៈវាគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្តប្រទេសហ្វីលីពីន ពោលគឺ ខ្បល់ព្យុះមួយនេះ មានល្បឿនដល់ទៅ ៣២០ គ.ម ក្នុងមួយម៉ោង ។ មកដល់ពេលនេះ ព្យុះ ហាយយ៉ានកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ឆ្ពោះមកកាន់ភាគកណ្ដាល និងភាគខាងជើងវៀតណាម ភាគឦសានកម្ពុជា និងប្រទេសឡាវ ប៉ុន្ដែវានឹងអស់ថាមពល នៅពេលទៅដល់ប្រទេសចិន នាថ្ងៃទី ១២ខាងមុខ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ