ភ្នំពេញ៖ ថ្ងៃទី២ ត្រូវជាថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៣ សម្រាប់ព្រះរាជពិធីរំកិលដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ ប្រជាពលរដ្ឋមានឱកាសចូលថ្វាយបង្គំនៅវាលព្រះមេរុ ទីដែលតម្កល់ព្រះមឈូសា ព្រះបរមរតនកោដ្ឋ បន្ទាប់ពីពិធីដង្ហែជាផ្លូវការចេញពីព្រះបរមរាជវាំង។

យោងតាមកម្មវិធីជាផ្លូវការ បានឲ្យដឹងថា សម្រាប់ថ្ងៃទី២ ជាថ្ងៃព្រះរាជពិធីតម្កល់ព្រះបរមសព ព្រះបរមរតនកោដ្ឋនៅទីលានវាលព្រះមេរុ មានកម្មវិធីព្រះរាជពិធី សាសនា ក្នុងនោះប្រជាពលរដ្ឋ មានឱកាសចូលថ្វាយបង្គំជាក្រុម ចាប់ពីម៉ោង៣រសៀល ថ្ងៃទី២ កុម្ភៈ ក្រោយពីខាងព្រះបរមរាជវាំង រៀបចំពិធីសាសនា និងព្រះរាជ ពិធីថ្វាយបង្គំព្រះបរមសពនៅពេលព្រឹក។ សម្រាប់ថ្ងៃទី២ កុម្ភៈ ផងដែរ មានការនិមន្តព្រះសង្ឃ ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។

តាមការសង្កេតឃើញ នៅក្រៅទីលានព្រះមេរុ និងព្រះបរមរាជវាំង មានប្រជាពលរដ្ឋជាច្រើនកុះករ នាំគ្នាទៅមើលព្រះមេរុ ដោយពួកគេមានបំណង ចង់ចូលថ្វាយ បង្គំព្រះបរមសពសម្តេចតា។

ដោយឡែកបើក្រឡេក ទៅមើលតាមដងផ្លូវសំខាន់ ជាផ្លូវចូលទៅកាន់ព្រះបរមរាជវាំង និងវាលព្រះមេរុ មានការបិទផ្លូវ មិនអនុញ្ញាតឲ្យមានម៉ូតូ រថយន្តជិះចូលនោះទេ ដើម្បីបញ្ចៀសការកកស្ទះ។

លោក យាយ ទិនគុន អាយុ ៨០ឆ្នាំ មកពីខេត្តតាកែវ បានឲ្យដឹងថា លោកយាយនៅចាំនៅមុខព្រះមេរុដើម្បីរង់ចាំ មានឱកាសថ្វាយបង្គំ សម្តេចតាជាចុងក្រោយ មុនការថ្វាយព្រះភ្លើងជាផ្លូវការ។

លោកយាយថា “អារម្មណ៍បាត់បង់សម្តេចតា ប្រៀបដូចជាអារម្មណ៍បាត់បង់ឪពុកក្នុងផ្ទះ។ ចឹង គោរពណាស់ព្រះអង្គ ព្រះអង្គចំណាយពេលពេញមួយជីវិតព្រះអង្គ ដើម្បីជាតិ។ ចឹងប្រជានុរាស្រ្តរបស់ព្រះអង្គស្តាយព្រះអង្គណាស់”។

សូមជម្រាបថា ពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ទៅតម្កល់ទុកនៅវាលព្រះមេរុ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ និងថ្វាយព្រះភ្លើង ប្រារព្ធឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវាលព្រះមេរុ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល