ភ្នំពេញ៖ ក្រោយដឹងថាម្ចាស់ផ្ទះសិង្ហបុរី ដែលទទួលបានសិទ្ធិ រៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី២៨ បាន ដកវិញ្ញាសាមានសក្ដានុពលមួយចំនួនថ្នាក់ដឹកនាំស្ថាប័ន កីឡាកម្ពុជាក៏កើតក្ដីព្រួយបារម្ភជាខ្លាំង ចំពោះការរក្សា មេដាយមាស២ខ្ទង់ ក្នុងនោះមានប្រភេទកីឡាតេក្វាន់ដូទម្ងន់ធ្ងន់ និងកីឡាចំបាប់ជាដើម ។
ដោយហេតុនេះ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ីប្រវត្តិសាស្ដ្រលើកទី១៧ នៅ សាធារណៈរដ្ឋកូរ៉េកាលពីឆ្នាំ២០១៤ កន្លងទៅ ក៏បានសម្ដែងការសោកស្ដាយផងដែរ ព្រោះកញ្ញាមិនមានវត្តមានចូល រួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននៅទីក្រុង Singapore ប្រទេសសិង្ហបុរី ឆ្នាំ២០១៥នេះឡើយ ។
បច្ចុប្បន្នវីរនារី ស៊ន សៀវម៉ី កំពុងហ្វឹកហាត់នៅកូរ៉េខាងត្បូង ដើម្បីត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅ ប្រទេសប្រេស៊ីលនាពេលខាងមុខ ប៉ុន្ដែកាលពីយប់ថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ កញ្ញាបានបង្ហោះវីដេអូខ្លីមួយនៅ លើ Facebook ផ្ទាល់ខ្លួនដោយបាននិយាយរៀបរាប់ អំពីការសោកស្ដាយ ព្រោះតែម្ចាស់ផ្ទះសិង្ហបុរីបានដកវិញ្ញាសា ប្រភេទទម្ងន់ធ្ងន់ក្នុងព្រឹត្តិការណ៍កីឡា SEA Games ចេញជាហេតុធ្វើឲ្យកញ្ញាមិនអាចចូលរួមប្រកួត ហើយក៏មិនអាច ជួយជាតិបានដែរ ។
ក្នុងវីដេអូមានរយៈពេលជាង១នាទីកីឡាការិនីរូបស្រស់ ស៊ន សៀវម៉ី បាននិយាយថា «ខ្ញុំពិតជាមានការសោកស្ដាយ ខ្លាំងណាស់ ដែលមិនបានចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅសិង្ហបុរី ព្រោះសិង្ហបុរី ជាម្ចាស់ផ្ទះ មិនបានដាក់ ប្រភេទគីឡូរបស់ខ្ញុំឲ្យចូលរួម ប៉ុន្ដែទោះបីខ្ញុំមិនបានចូលរួមប្រកួតក្ដី ក៏ខ្ញុំប្ដេជ្ញាខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីប្រកួត ដណ្ដើមមេដាយជូនជាតិក្នុង ព្រឹត្តិការណ៍អន្ដរជាតិដទៃទៀត ជាពិសេសគឺក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅប្រេស៊ីល ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អប្រសើរ ជូនជាតិប្រទេសកម្ពុជា ហើយខ្ញុំ សង្ឃឹមថា កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតកីឡា SEA Games ឆ្នាំនេះ នឹងទទួលបានមេដាយគ្រប់ៗគ្នាផងដែរ» ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំតំបន់អាស៊ាន ឬ SEA Games លើកទី២៨ នឹងចាប់ផ្ដើមនៅ ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ នៅប្រទេសសិង្ហបុរី ក្នុងនោះដែរ កម្ពុជាបានបញ្ជូនកីឡា២៣ប្រភេទទៅចូលរួម គឺមានកីឡា ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ, ប្រដាល់សាកល, ទូកកានូ, ប្រណាំងកង់, យូដូ, ជិះសេះ, គុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, ប៉េតង់ បាល់ឱប, សីប៉ាក់តាក្រ, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, វាយកូនបាល់, ទូកប្រពៃណី, ទី្រយ៉ាត្លុង, បាល់ទះ និងកីឡាវូស៊ូ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល