បុរសជនជាតិអូស្ដ្រាលី បានរៀបគម្រោងនឹងជួបជុំមិត្តភ័ក្ដិជាង ១.០០០ នាក់ក្នុង Facebook ដើម្បីញ៉ាំកាហ្វេ។

/

ចាប់ពីខែមុន Kulesza បានចាប់ផ្ដើមអនុវត្តគម្រោង “1000+ Coffee” របស់ខ្លួន។ Kulesza បានសេសេរថា ៖ “ខ្ញុំបានរៀបចំគម្រោងដើម្បីអាចញ៉ាំកាហ្វេជាមួយនឹងមិត្តភ័ក្ដិ Facebook ម្ដងម្នាក់ ក្នុងចំណោម ជាង ១.០០០នាក់ ក្នុងរយៈពែលប្រហែល ៣ឆ្នាំ ឬរហូតដល់គម្រោងបានសម្រេចជាស្ថាពរ”។

/

Kulesza អាយុ ២៨ឆ្នាំ ឱ្យដឹងថា ៖ “ជាការពិត ខ្ញុំមិនមានមិត្តភ័ក្ដិដល់ទៅជាង ១.០០០នាក់ នៅក្នុងជីវិតប្រចាំថ្ងៃនោះទេ។ ប្រការសំខាន់ក្នុងគម្រោងនេះ គឺដើម្បីដឹងថា មិត្តក្នុង Facebook គឺជាអ្នកណា និងដើម្បីរាប់អានពួកគេ”។

/

រហូតមកដល់ពេល Kulesza បានជួបមុខ និងហូបកាហ្វេជាមួយនឹងមនុស្សចំនួន ២៩នាក់ ក្នុងចំណោម ១០៨៨ នៅលើ Facebook របស់គាត់។ Kulesza ថ្លែងថា ៖ “ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលបានជួបជុំ និងហូបកាហ្វេជាមួយពួកគេ នៅពេលល្ងាច។ ខ្ញុំបានជួបមិត្តភ័ក្ដិចាស់ កាលពីជំនាន់រៀននៅមធ្យមសិក្សា នោះគឺ Balraj Sokhi ជាមិត្តភ័ក្ដិម្នាក់ ដែលខ្ញុំមិនធ្លាប់បានជួប ក្នុងអំឡុងពេល ១០ឆ្នាំមកនេះ។

/

ប្រការដែលខ្ញុំបានដឹង គឺថា Balraj Sokhi បានប្ដូរផ្លាស់សម្លេងនិយាយ។ កាលពីនៅរៀន Balraj Sokhi បញ្ចេញសម្លេង បែប ជនជាតិ កេនយ៉ា និងឥណ្ឌា ប៉ុន្ដែ ពេលនេះ សម្លេងរបស់គាត់ គឺដូចទៅនឹងជនជាតិអូស្ដ្រាលីទាំងស្រុង។ ដោយសារតែមានជីវភាពល្អ មិនមានល្បែងស្រា ស្រី និងថែមទាំងមានខ្សែក្រវាត់ខ្មៅនៃក្បាច់គុន Taekwondo ផងនោះ គាត់មើលទៅមាំមួនជាងមុន”។

/

Kulesza បញ្ជាក់ថា គាត់បានដាក់គោលដៅ ហូបកាហ្វេជាមួយមិត្តក្នុង Facebook ឱ្យបាន ៥នាក់ ក្នុងមួយសប្ដាហ៍។ ដូច្នេះ គម្រោងរបស់គាត់ នឹងសម្រេចជាស្ថាពរ នៅចុងឆ្នាំ ២០១៨។ Kulesza បន្ដថា ៖ “ខ្ញុំមិនចាត់ទុកគម្រោងនេះ ជាភារកិច្ចនោះទេ។ ប៉ុន្ដែ ខ្ញុំចូលចិត្តជួបជុំមិត្តភ័ក្ដិ”។

/

គម្រោងរបស់ Kulesza នេះ បាននាំសំណាងល្អដល់គាត់។ Kulesza ទទួលបានការងារក្រៅម៉ោងមួយ ដោយសារមិត្តម្នាក់ក្នុងចំណោម មិត្ត Facebook ដែលគាត់បានជួប។ Kulesza ប្រាប់ថា ៖ “ខ្ញុំបានស្គាល់ “មេ” ថ្មីរបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំមកនេះ តាមរយៈ Facebook ។ គាត់កំពុងតែស្វែងរកបុគ្គលិកធ្វើការក្រៅម៉ោង ហើយខ្ញុំក៏មានការងារមួយបន្ថែមទៀត”។

ដើម្បី​ជ្រាប​ច្បាស់ ឬ​ក៏​តាម​ដាន​សកម្ម​ភាព​នៃ​គម្រោង​របស់ Kulesza អ្នក​អាច​ចូល​ទៅ​កាន់ទំព័រFacebook https://www.facebook.com/1000pluscoffees ៕

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Yahoo/Facebook