ភ្នំពេញ៖ វិមានរដ្ឋសភាដ៏ប្រណីតរបស់កម្ពុជា ត្រូវ បានរៀបចំរួចរាល់ហើយ ដើម្បីទទួលស្វាគមន៍ព្រះរាជវត្តមានព្រះ មហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងវត្តមានតំណាងរាស្ត្រជាប់ឆ្នោត សម្រាប់ការបើកកិច្ចប្រជុំសភាលើកដំបូង នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។

តាមកាលបរិច្ឆេទគ្រោងទុកនៅថ្ងៃទី២៣ ស្អែកនេះ តំណាងរាស្រ្តជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ទាំង ៦៨រូបចូលប្រជុំសភាលើកដំបូង ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ ខណៈដែលតំណាងរាស្រ្តជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ ៥៥រូប រហូតដល់យប់ថ្ងៃទី២២ ខែកញ្ញា មិនទាន់បញ្ជាក់ពី ការចូលប្រជុំនៅឡើយទេ។

ជាមួយការឈានមកដល់ នៃកិច្ចប្រជុំនេះ នៅតាមបណ្តាផ្លូវចូលទៅកាន់វិមានរដ្ឋសភា ត្រូវបានដាក់កម្លាំងសមត្ថ កិច្ចយាមកាមយ៉ាងតឹងរឹងបំផុត ក្នុងការរក្សាសន្តិសុខ និងញាំងឲ្យកិច្ចប្រជុំលើកដំបូងបានប្រព្រឹត្តទៅក្រោមបរិយា កាសមួយដ៏ល្អប្រសើរ។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវសុំការយោគយល់ពីប្រជាពលរដ្ឋផង ដែរ ចំពោះការកកស្ទះចរាចរណ៍ ដោយសារផ្លូវមួយចំនួនត្រូវបានបិទ។

បន្ទាប់ពីបើកកិច្ចប្រជុំសភាហើយនោះ នៅថ្ងៃបន្តបន្ទាប់ក៏នឹងមានការអនុម័តបង្កើតរាជរដ្ឋាភិបាល និងប្រជុំគណៈ រដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាលអាណត្តិទី៥ផងដែរ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងនៅទំព័រហ្វេសប៊ុករបស់លោកថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា អនុម័តរាជរដ្ឋាភិបាលអាណត្តិទី៥ នៅពេលល្ងាចស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង។ ថ្ងៃទី២៥ ខែកញ្ញា ប្រជុំគណៈរដ្ឋមន្ត្រីជាលើកទីមួយ នៅវិមានសន្តិភាព និងទទួលទានភោជនាហារថ្ងៃត្រង់នៅទីនោះផងដែរ៕

Photo

Photo

Photo

រូបថតពីទំព័រហ្វេសប៊ុកលោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិ

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល