កាពីតែនរបស់នាវា Costa Concordia ដែលបានជួបនឹងគ្រោះថា្នក់នោះ អាចជាប់ពន្ធនាគារ
ច្រើនជាង ២.៥០០ ឆ្នាំ ប្រសិនត្រូវបានកាត់ទោសពីបទល្មើសដូចជា បង្កគ្រោះថ្នាក់ រត់ចោល
នាវា និងសម្លាប់មនុស្សដោយអចេតនា។

Francesco Schettino ត្រូវបានឃាត់ខ្លួន


យោងតាម Telegraph ចំនួនឆ្នាំនៃការជាប់ពន្ធនាគារនេះត្រូវបានសន្និដ្ឋានដោយសារព័ត៌មាន
អ៊ីតាលី យោងទៅលើទោសដែលកាពីតែន Francesco Schettino អាចនឹងត្រូវប្រឈមមុខ។
តាមរយៈនេះ Francesco Schettino អាចនឹងត្រូវជាប់ពន្ធនាគារ ៨ ឆ្នាំសម្រាប់ជនរងគ្រោះ
ម្នាក់ៗក្នុងចំណោម ៣០០ នាក់ និងក្រុមនាវិកដែលគាត់បានរត់ចោលកាលពីថ្ងៃទី ១៣ មករា
ឆ្នាំ ២០១២ ខណៈដែលនាវាជួបនឹងគ្រោះថ្នាក់។ Francesco Schettino ត្រូវបានចោទប្រកាន់
ថាបានចាកចេញពីនាវាដើម្បីឡើងទៅកាន់កប៉ាល់សង្គ្រោះ និងឈរមើលជនរងគ្រោះទាំង
ឡាយដែលនៅលើនាវាដែលកំពុងជួបបញ្ហា។

ទន្ទឹមនឹងនោះ Francesco Schettino ក៏នឹងត្រូវជាប់ពន្ធនាគារ ១៥ ឆ្នាំ ប្រសិនត្រូវបានចោទពី
បទសម្លាប់មនុស្សដោយអចេតនា និង ១០ ឆ្នាំផ្សេងទៀត ប្រសិនត្រូវទទួលទោសបង្កអោយ
មានគ្រោះថា្នក់ដល់នាវា Costa Concordia បណ្ដាលអោយមនុស្សស្លាប់ ៣២ នាក់។

កាលពីថ្ងៃទី ៦ កន្លងទៅ ក្រុមព្រះរាជអាជ្ញាបានស្នើអោយតុលាការមួយនៅ Florence ធ្វើការ
ចាប់ និងឃុំខ្លួន កាពីតែន Schettino (អាយុ ៥២ ឆ្នាំ)។ ក្រុមព្រះរាជអាជ្ញាបានថ្លែងថា ការឃុំ
ខ្លួននេះគឺដើម្បីការពារមិនអោយ Schettino រត់ចេញពីអ៊ីតាលី ឬការពារមិនអោយគាត់មាន
ឱកាសប៉ះពាល់ភ័ស្ដុតាង នៅមុនពេលត្រូវបាននាំខ្លួនឡើងតុលាការ។

នាវា Costa Concordia
ទោះជាយ៉ាងនេះក្ដី ក្រុមមេធាវីរបស់កាពីតែនរូបនេះបានស្នើអោយតុលាការអនុញ្ញាតអោយ
កូនក្ដីរបស់ខ្លួនបាននៅក្រៅឃុំ ព្រោះយល់ឃើញថា Schettino នឹងមិនធ្វើអោយមានកំហុស
ទៀតនោះទេ។ Salvatore Parascandola មេធាវីម្នាក់របស់កាពីតែន Schettino ថ្លែងថា ៖ គាត់
នឹងមិនធ្វើអោយមានកំហុសទៀតនោះទេ ដោយសារតែពេលនេះគាត់មិនត្រូវបានប្រគល់តួ
នាទីណាមួយក្នុងការបញ្ជានាវា។ យើងខ្ញុំសង្ឃឹមថា តុលាការនឹងដោះលែងគាត់អោយមាន
សេរីភាព។

បន្ទាប់ពីសវនាការរយៈពេល ៤ ម៉ោង ដែលមិនមានវត្ដមានរបស់ Francesco Schettino តុលាការបានថ្លែងថា នឹងប្រកាសពីការសម្រេចចិត្តនៅថ្ងៃទី ៩ កុម្ភៈខាងមុខ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ IFN