យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក បាន គីមួន កាលពីថ្ងៃសៅរ៍ ទី២២ ខែធ្នូ បានធ្វើការថ្កោល ទោសយ៉ាងខ្លាំងក្លា ចំពោះការបំផ្ទុះគ្រាប់បែក អត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថាន បណ្តាលមនុស្ស ១០នាក់ បានស្លាប់ ដោយនៅក្នុងនោះ រួមមានអភិបាលខេត្ត មួយរូបផងដែរ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នំា២០១២ ដោយផ្អែកលើសេចក្តី ថ្លៃងមួយ ដែលចេញដោយអ្នកនាំពាក្យលោក បាន គីមួនថា «លោកអគ្គលេខាធិការ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះពួកភេវជនដែលបានបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ លោក បាសៀ ប៊ីលលូ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនយោបាយដ៏ល្បីល្បាញមួយរូប នៅក្នុងជួររដ្ឋាភិបាលប្រចាំខេត្ត គីប័រ ប៉ាក់ទុវ៉ា របស់ប្រទេស ប៉ាគីស្ថាន» ។
នៅក្នុងថ្លែងការណ៍នោះបានបន្តទៀតថា« លោកបានចេញសារលិខិតមួយ ដើម្បីសម្តែងមរណៈទុក្ខ ដោយស្មោះ ចំពោះការបាត់បង់ក្នុងសោកនាដកម្មនេះ»
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានធ្វើការការ គួសបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះស្ថាប័នពិភពលោកសម្រាប់កិច្ចខិតខំ ប្រឹងប្រែងរបស់ រដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថាន ដើម្បីប្រយុទ្ធ និងបោសសម្អាតអំពើភេរវកម្មផងដែរ។
យោងតាមរបាយការណ៍ និងព័ត៌មានរបស់យូអិនបានឲ្យដឹងថា មនុស្សចំនួន១០នាក់បានស្លាប់ ហើយយ៉ាងហោចណាស់មនុស្ស១៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានវាយប្រហារនៅក្នុងការប្រមូលផ្តុំនយោបាយនៅក្នុងទីក្រុង ភីសាវ៉ា ដែលស្ថិតនៅភាគពាយ័ព្យ ទីក្រុងរបស់ប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែធ្នូ។
គួរបញ្ជាក់ផងដែរថា នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ បណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សអស់ ១០នាក់ ក្នុងនោះរួមទំាងអភិបាលខេត្តម្នាក់ផងដែរ ហើយក្រុមឧទ្ទាមតាលីបង់ ក៏បានចេញមុខធានាអះអាងទទួលខុសត្រូវ ក្នុងការវាយប្រហារនេះដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល