អតីត​ប្រធានាធិបតី​​ហៃទី លោក Jean Claude Duvalier កាលពីថ្ងៃទី​១៦ មករា បាន​វិលត្រឡប់​ទៅកាន់ទីក្រុង​ព័រអូប្រាំង រដ្ឋធានី​ហៃ​ទីវិញ បង្ក​​ឱ្យមានការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​​ក្រោយ​ពី​​លោក​រស់នៅ​នីរទេស​អស់រយៈ​ពេល​យ៉ាងយូរ ​មក​។ លោក Duvalier ត្រូវបាន​​ដកចេញពី​តំណែង​នៅក្នុង​រដ្ឋ​​ប្រហារ​​ឆ្នាំ​១៩៨៦ ហើយ​​ភៀស​ខ្លួន​ចេញពី​ប្រទេស​ទៅ​​រស់នៅ​​ក្នុងប្រទេស​បារាំង បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​​ទីក្រុង​ព័រ​អូប្រាំង តាម​យន្តហោះ​​របស់​ប្រទេស​បារាំង​​មួយ​គ្រឿង ។ ​នៅ​ពេល​​ទៅដល់ព្រលាន​យន្តហោះ​​​ក្រុង​​ព័រអូ​ប្រាំង​ លោក Duvalier ត្រូវ​បាន​ស្វាគមន៍​​ដោយ​អ្នកគាំទ្រ​​លោក​យ៉ាងច្រើន​កុះករ ។#ទោះបីជា​បែបណា ​នៅព្រលាន​យន្តហោះ​​​ព័រ​អូប្រាំង ​លោក Duvalier មិនបានធ្វើ​សេចក្តី​ថ្លែង​ការណ៍ ឬ​ធ្វើ​​​​អត្ថាធិប្បាយ​​អ្វីនោះទេ ប៉ុន្តែ​លោក​​​ថ្លែង​ប្រាប់​អ្នកកាសែតថា ​រូបលោក​មក​កាន់​ហៃទី​ដើម្បីជួយ​ដោះស្រាយ​​វិបត្តិ​នយោ​បាយ​​​របស់ប្រទេស​នេះ ។​#បច្ចុប្បន្ន​​ប្រទេ​សហៃទី​កំពុងប្រឈម​មុខ​នឹង​វិបត្តិ​​​នយោបាយ​​​ដោយ​សារ​ការបោះឆ្នោត​​ជ្រើស​រើស​​​​ ប្រធានាធិបតី​ជុំទី​២ ត្រូវ​បាន​ពន្យារពេល​​មិន​កំណត់​​​ ព្រោះ​​ការ​ចោទប្រកាន់​អំពីការ​​ក្លែង​បន្លំ​​សន្លឹក​ឆ្នោត ៕