ព័ត៌មានអន្តរជាតិ ៖ ឪពុកកូនពីរនាក់ ត្រូវបានរកឃើញពីក្នុងព្រៃជ្រៅប្រទេសវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំក្រោយ បន្ទាប់ពីបានរត់គេចចូលទៅទីនោះ អំឡុងពេលមានសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា លោក Ho Van Thanh បានរត់ភៀសខ្លួនពីភូមិ Tra Kem ជាមួយនឹងកូនតូចវ័យ ២ ឆ្នាំរបស់ខ្លួនឈ្មោះ Ho Van Lang ដោយសារតែមានភាពភ័យរន្ធត់ អំឡុងពេលមានសង្រ្គាម ជាមួយនឹងសហរដ្ឋអាមេរិក ក្រោយពីមានការបំផ្ទុះគ្រាប់មីនសម្លាប់ភរិយារបស់គាត់ និងកូនប្រុសពីររូបផ្សេងទៀត។

ទាំងពីរនាក់ឪកូនអាចរស់នៅក្នុងព្រៃនេះបាន ដោយធ្វើទីជម្រកនៅលើដើមឈើ ក៏ដូចជាបរិភោគបន្លៃ ផ្លែឈើធ្វើជាអាហារទទួលទាន។ ចាប់តាំងពីពេលភៀសខ្លួននោះមក គាត់ក៏បានបាត់ទំនាក់ទំនងជាមួយនឹងក្រុមមនុស្សទាំងពួង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចំណាយពេលអស់រយៈពេលជាង ៥ ម៉ោង ឪពុកកូនទាំងពីរនាក់នេះ ក៏ត្រូវបានរកឃើញ បន្ទាប់ពីក្រុមអ្នករកអូស បានផ្តល់ព័ត៌មានថា បានរកឃើញមនុស្សចម្លែកពីរនាក់។ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីខេត្ត Quang Ngai អោយដឹងថា មកទល់នឹងពេលបច្ចុប្បន្ននេះ លោក Ho Van Thanh ដែលត្រូវជាឪពុកនោះមានវ័យ៨២ ឆ្នាំហើយ ខណៈពេលដែលកូនប្រុសឈ្មោះ Ho Van Lang មានវ័យ ៤២ ឆ្នាំហើយ៕
ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ