ព័ត៌មានអន្តរជាតិ ៖ យន្តហោះធន់ធំមួយគ្រឿង Boeing 737-900 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ត្រូវបានរកអោយឃើញថា បានបើកទៅបុកនឹងគោ អំឡុងពេលនៃការធ្វើការចុះចត នៅឯអាកាសយានដ្ឋានលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីនេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។
គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ ពោលគឺយន្តហោះដែលធ្វើការហោះហើរក្នុងស្រុកមួយនេះ ពី Jakarta ទៅខេត្ត Gorontalo បានជួបនឹងឧបទ្ទេវហេតុបុកគោមួយក្បាល នៅលើផ្លូវរថអំឡុងពេលនៃការចុះចតរបស់ខ្លួន។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីបានកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យនះហើយនោះ គោដែលត្រូវបានបុកនោះ ក៏បានងាប់ ខណៈពេលដែលយន្តហោះ Boeing មួយគ្រឿងនោះ បានបើកធ្លាក់ផ្លូវ ស្របពេលដែលក្រុមមនុស្ស ១០១ នាក់ដែលធ្វើដំណើរនៅលើយន្តហោះមួយគ្រឿងនោះ មិនបានទទួលរងរបួសអ្វីនោះទេ។
ដោយឡែក អំឡុងពេលនៃការកើតមានឡើងនូវករណីនេះអាកាសយានដ្ឋានទាំងមូលត្រូវបានបិទជាបណ្តោះអាសន្ន ខណៈពេលដែលជើងហោះ ហើរមួយចំនួនត្រូវបានលុបចោល ផ្ទុយទៅវិញ បើតាមសម្តីអ្នកចាត់ការផ្ទាល់ មកពីក្រុមហ៊ុនអាកាសចរណ៍មួយនេះ អោយដឹងថា ជារឿយៗ គេតែងឃើញមានសត្វពាហនៈ នៅលើដងផ្លូវរថនៃការចុះចតរបស់យន្តហោះនៅឯអាកាសយានដ្ឋាន ហើយករណីមួយនេះ ត្រូវតែធ្វើការដោះស្រាយអោយបានឆាប់រហ័ស ទើបជាការប្រសើរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖CNN