អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ផ្លូវ​ដែក​ចិន​ លោក​វ៉ាង​ ហ្ស៊ី​ហ្គោ​ វាយ​តំលៃ​កាល​ពី​ថ្ងៃ​ទី​​១៥​ មករា ថា ជន​ជាតិ​ចិន​ប្រមាណ​ជា​២៣០​លាន​នាក់​នឹង​ធ្វើ​ដំណើរ​ចល័ត​ក្នុង​ប្រទេស​រវាង​ថ្ងៃ​ទី​១៩ ទៅ​ថ្ងៃ​ទី​២៧​ កុម្ភៈ​ សំរាប់​ពេល​វិស្សម​កាល​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ចន្ទ​គតិ​។ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី​៣ កុម្ភៈ​ ជា​ឱកាស​នៃ​ការ​ធ្វើ​ដំណើរ​យ៉ាង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​លើ​ពិភព​លោក​។#ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន ​មួយ​ លោក​វ៉ាង ហ្ស៊ី​ហ្គោ​ បញ្ជាក់​ថា អ្នក​ដំណើរ​នឹង​ត្រូវ​មាន​ច្រើន​លើស​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដល់​ទៅ​១២,៥%​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​។# ពេល​សំរាក​វិស្សម​កាល​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​តាម​ចន្ទ​គតិ​បណ្តា​ពល​ករ​ និង​និស្សិត​ចិន​ត្រូវ​​ធ្វើ​ដំណើរ​ច្រើន​កុះ​ករ​ក្នុង​ទូទាំង​ប្រទេស​ទៅ​ជួប​ជុំ​សាច់​ញាតិ​គ្រួសារ ​។ សំរាប់​ពលករ​មួយ​ចំនួន​នោះ គឺ​ជា​ឱកាស​តែ​ម្តង​គត់​ក្នុង​មួយ​ឆ្នាំ​ដែល​ពួក​គេ​អាច​ទៅ​ជួប​ជុំ​សាច់​ញាតិ​ ៕