ភ្នំពេញ ៖ យុវជនម្នាក់បាន ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈ ជិះកង់តាមផ្លូវ ព្រះសីហនុ ហើយបាន ប៉ះដៃចង្កូតជា មួយម៉ូតូ ផ្សេងទៀត បណ្តាលឲ្យដួល បោកក្បាល ទៅនឹងថ្នល់ហើយ ត្រូវរថយន្ត មកពីក្រោយ កិនបែកក្បាល កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជនដែល ជួបគ្រោះថ្នាក់ ចរាចរ រហូតដល់ស្លាប់បង់ជីវិតនេះ ឈ្មោះ ផេង ស៊ុនហាប់ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ។

យុវជន ផេង ស៊ុនហាប់ ជិះកង់ម្នាក់ឯង តាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងទិសដៅពី កើតទៅលិច ពេលនោះកង់បានប៉ះដៃ ចង្កូតជាមួយ ម៉ូតូផ្សេង បណ្តាលឲ្យ ដួលបោកខ្លួនលើផ្លូវ ស្របរថយន្ត មកពីក្រោយ កិនខ្ទេចក្បាល បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅនឹងកន្លែង យ៉ាងអាណោចអាធម បំផុត។

សមត្ថកិច្ច នគរបាល មូលដ្ឋានបាន ឲ្យដឹងថា រថយន្ត ដែលកិន មនុស្សនេះ ម៉ាក luxes RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-2586 បើកបរ ដោយស្រ្តី ម្នាក់ ឈ្មោះ ស្រេង គឹមកូយ អាយុ ៣៤ឆ្នាំ ដែលធ្វើដំណើរ ពីលិចទៅកើត។

សាក្សីនៅ កន្លែងកើតហេតុ បាននិយាយថា យុវជនរង គ្រោះបានជិះកង់តាម បណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពី លិចទៅកើត ហើយបានប៉ះដៃ ចង្កូតគ្នា ជាមួយម៉ូតូ ហើយដួលទៅលើផ្លូវ ស្របពេលរថយន្តមកពីក្រោយហើយកិនបែកក្បាលស្លាប់ ភ្លាមតែម្តង។ ចំណែកស្រ្តីម្ចាស់រថយន្ត ក៏បាន និយាយថា យុវជនរងគ្រោះ បានជិះកង់ប៉ះដៃចង្កូត ហើយដួលចូល កង់រថយន្តរបស់គាត់ បណ្តាលឲ្យ កិនស្លាប់ តែម្តង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរខាងលើនេះ សពយុវជនរងគ្រោះ ត្រូវបានក្រុម គ្រួសារ លើកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាន។

ចំណែកស្រ្តីឈ្មោះ ស្រេង គឹមកូយ និងរថយន្ត ត្រូវនគរបាលមូលដ្ឋាន សហការជាមួយមន្រ្តី នគរបាល ជំនាញនៃការិយាល័យ ចរាចរជើងគោក រាជធានី ឃាត់ខ្លួនបញ្ជូនទៅ ដោះស្រាយតាមនិតិវិធីច្បាប់៕

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល