ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរពីក្រោយ បានរងរបួសធ្ងន់ បាក់ភ្លៅ កាលពីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ ខាងត្បូងស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ខណ្ឌឫស្សីកែវ ក្រោយពីជនរងគ្រោះខណៈកំពុងជិះម៉ូតូ ស្រាប់តែបុកជា មួយរថយន្ត លុច្សស៊ីស មួយគ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។
មន្រ្តីនគរបាលចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដែលបានចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តលុច្សស៊ីស RX-300 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3808 បានធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតឭហេតុ ត្រង់ផ្លូវកែង ខាងត្បូង នឹងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្រាប់តែបានបុកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-4996 បណ្តាលឲ្យស្រ្តីជាអ្នកបើក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯអ្នកជិះពីក្រោយ រងរបួសធ្ងន់ បាក់ភ្លៅ ត្រូវឭបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។
បើតាមសមត្ថកិច្ច ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខន មុំ មានអាយុ២០ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ដោយឡែក អ្នកបើករថយន្តដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ ហុង ណេន អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ក្រោយកើតហេតុ ទាំងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរា-ចរណ៍ជើងគោក ដើម្បីដោះស្រាយបន្ត៕










ផ្តល់សិទ្ធិដោយ៖ ដើមអំពិល