ព័ត៌មានអន្តរជាតិ ៖ ជាការពិត បន្ទាប់ពីទទួលបានជាព័ត៌មានថា ទឹកសមុទ្រកោះ Java ប្រ ទេសឥណ្ឌូនេស៊ី ត្រូវបានបំពុលដោយសារតែកត្តាមនុស្សហើយនោះ ពោលគឺ ផ្ទៃទឹកសមុទ្រ ទាំងមូលពោរពេញទៅដោយសម្រាម និងកំទេចកំទី លោក Zak Noyle ដែលជាអ្នកជំនាញ ថតរូបម្នាក់ និងបុរសជាអ្នកជំនាញជិះស្គីក្ការលើទឹកម្នាក់ផ្សេងទៀត មានឈ្មោះលោក Dede Surinaya ទាំងពីរនាក់បានធ្វើដំណើរកំសាន្តទេសចរណ៍ ចុងក្រោយរបស់ខ្លួន ទៅកាន់ប្រជុំ កោះមួយនេះ ដើម្បីផ្តិតយករូបភាពពិតៗ នៃការបំផ្លាញ នេះបើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

វាពិតជាឆ្គួតខ្លាំងណាស់ ខ្ញុំបានឃើញសម្រាមរាយប៉ាយពេញទាំងផ្ទៃទឹកទាំងអស់ លោក Noyle បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ប៉ុស្តិ៍ទូរទស្សន៍ GrindTV ។ ខ្ញុំបាទពិតជារអើមខ្លាំង ណាស់ នៅពេលដែលឃើញទិដ្ឋភាពមិនចុះភ្នែកមួយនេះ។
ដោយឡែក បើយើងងាកក្រឡេកទៅមើល រូបភាពដែលបានប្រមាញ់ជាប់លោក Surinayaលេងកីឡាជិះស្គីរំអិលលើរលកវិញ ច្បាស់ណាស់ យើងពិតជាបានឃើញ សំរាម ក៏ដូចជាកំទេចកំទីជាច្រើន នាំយកជាមួយគ្នានោះដែរ ជាមួយនឹងទឹករលក។

គួររំឭកផងដែរថា ឥ ណ្ឌូនេស៊ីជាប្រទេសមួយ ដែលប្រមូលផ្តុំទៅដោយប្រជុំកោះដល់ទៅ១៧,០០០ កោះ ខណៈបញ្ហាសំរាមគឺជាកត្តាបំពុលទឹក ដ៏ចម្បងមួយដ៏គួរអោយព្រួយបារម្ភមជ្ឈមណ្ឌលគ្រប់គ្រងសំរាមមួយចំនួន មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការទុកដាក់កាកសំនល់ អោយបានសមរម្យនៅឡើយនោះទេ ដែលជាចលករ ជំរុញអោយក្រុមមនុស្ស បែកគំនិតនាំយកកាកសំនល់របស់ខ្លួនទៅចាក់តាមផ្លូវ ក៏ដូចជាចាក់ចូលទន្លេឬក៏សមុទ្រជាដើម។

ផ្ទុយទៅវិញ បើយោងតាមទស្សនាវដ្តី Time magazine គូសបញ្ជាក់អោយដឹងថាជាមួយនឹងការធ្វេសប្រហែស ក៏ដូចជាការយល់ដឹងទាប និង ប្រពៃណីនៃការមិនអើពើមួយនេះហើយ ដែលបានញ៉ាំងអោយមានការបោះចោលកាកសំណល់តែផ្តេសតែផ្តាស និងកើតមានឡើងនូវវិបត្តិមួយនេះតែម្តង។ ទន្ទឹមនឹងនេះ បើយោងតាមសម្តីលោក Anna Cummins ស្ថាបនិក មកពីអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណូល 5 Gyres អោយដឹងថា ការខ្វះការយល់ដឹង មិនត្រូវបានស្តីបន្ទោសជារៀងរាល់ពេលនោះទេ តែបើយោងតាមការធ្វើបទសម្ភាសន៍ ក្រុមមនុស្សមួយចំនួនក៏ចង់រក្សាទុកវា អោយបានត្រឹមត្រូវដូច្នេះដែរ តែមិនមាន ចំណាត់ការ មូលដ្ឋានណាមួយចាត់ឡើងអោយបានសមស្របក្នុងការប្រមូលសំរាមនោះទេ ។ មិនខ្វល់ថាភាគីខាងណាខុស ឬត្រូវនោះទេ តែវាពិតជាមានផលប៉ះពាល់ជាខ្លាំង ដល់ក្រុមមនុស្សរស់នៅក្នុងតំបន់ ក៏ដូចជាធ្វើដំណើរកំសាន្តមក ទីនេះក៏ព្រោះតែបរិយាកាសដ៏គួរអោយខ្លាចមួយនេះ លោក Mark Lukach បានសរសេរនៅលើគេហទំព័រ Inertiaពណ៌នាពីការខកចិត្តក្នុងដំណើរកំសាន្តរបស់ខ្លួនជាលើកដំបូងខណៈមកលេងកោះ Lombok ៕
គួរយល់ដឹង ៖ អត្ថបទខាងលើ ជាឧទាហរណ៍ជាក់ស្តែង ដូច្នេះ សង្ឃឹមថា វាគឺជាបទពិសោធន៍មួយដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង គួរណាមានការយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការរក្សាទុកនូវកាកសំណល់បើមិនដូច្នេះទេ វានឹងមានផលប៉ះពាល់ជាខ្លាំង ដោយប្រយោល និងដោយផ្ទាល់ ជាពិសេសមានផលប៉ះពាល់ជាខ្លាំង ដល់វិស័យទេសចរណ៍ជាតិ ។ ត្រូវមានការយល់ដឹង អោយបានល្អទាំងអស់គ្នាណា៎ ៕
* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត មាននៅទីនេះ ៕
ដោយ ៖ មង្គលប្រភព ៖ huffingtonpost