ភ្នំពេញ ៖ ស្ដ្រីជាមេតុងទីន ដែលកូនៗ ចោទប្រកាន់ថា មានបំណងឆបោកលុយ របស់ពួកគាត់ ប្រមាណជា ៧០ម៉ឺនដុល្លារ នៅ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំ ពេញ នោះ បានរត់គេចខ្លួនបាត់ហើយ នៅ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២នេះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនិងអ្នកភូមិ បានប្រាប់ភ្នាក់ងារដើមអម្ពិលឱ្យដឹងថា ស្ដ្រី ឈ្មោះស្រី រ៉ាវី អាយុ៤០ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ មានជ័យ បានរត់គេចខ្លួនបាត់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ នេះ បើទោះបីបីបួនថ្ងៃនេះ អ្នកភូមិដែល ជាកូនតុងទីន ដឹងខ្លួនមុន ថាមេរបស់ខ្លួន ប្រុងបោក ហើយដាក់កម្លាំង ព័ទ្ធផ្ទះយាម ការពារ មិនឱ្យមេរត់យ៉ាងណាក៏ដោយ ។
ព័ត៌មានបានឱ្យដឹងបន្ដថា ក្រោយពីដឹង ថា មេតុងទីនរបស់ខ្លួនបានរត់គេចខ្លួនបាត់ មិននៅទទួលដោះស្រាយសំណងលុយជា មួយកូនចៅរួចមកនោះ កូនៗតុងទីន ដែល ជាអ្នកភូមិជាមួយគ្នា បាននាំគ្នាសម្រុកចូល ទៅក្នុងផ្ទះមេតុងទីនរូបនេះ រួចហើយរើកកាយ យកទ្រព្យសម្បត្ដិរៀងៗខ្លួនដោយសមត្ថកិច្ច មិនអាចធ្វើអន្ដរា គមន៍រារាំងបាននោះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា មេតុងទីន ខាងលើនេះ បានប្រមូលកូនៗសរុបប្រមាណ ១៥០នាក់ នាំគ្នាលេងតុងទីន ដែលមានក្បាល ចាប់ពី១០ម៉ឺនរៀល រហូតដល់ក្បាល១០០ ដុល្លារឯណោះ ។ ការលេងតុងទីនដែលដេញ ការថ្លៃ ហើយកូនខ្លះប្រញាប់លុយបានលក់ តុងទីនរបស់ខ្លួនតពីម្នាក់ទៅម្នាក់ ហើយមួយ រយៈចុងក្រោយនេះ កូនៗខ្លះដែលដេញបាន មិនព្រមបង់ ហើយក្បាលខ្លះទំនងជាមេខ្លួន ឯងដាក់ឈ្មោះលេងច្រើន ពេលដេញបាន លុយយកទៅបង្វិល លើការងារផ្សេង ហើយ គ្មានលុយបង់ឱ្យកូនៗនោះ ក៏បានផ្ទុះឡើង ខណៈដែលកូនៗដេញបាន មេមិនមានលុយ បង់ឱ្យ ។ ក្នុងនោះចុងក្រោយ នៅថ្ងៃទី០៩ ខែធ្នូ កូនៗតុងទីនរាប់សិបនាក់ បាននាំគ្នា ទៅព័ទ្ធផ្ទះមេ ដើម្បីទាមទារយកលុយដែល ពួកគេដេញបាន ទើបដឹងថា មេមិនមានលុយ បង់ ដែលតាមកូនៗចោទប្រកាន់ថាលុយដែលមេជំពាក់កូនៗ គឺមានទំហំទឹកប្រាក់ប្រមាណជិត៧០ម៉ឺនដុល្លារឯណោះ។ ប៉ុន្ដែ លោកធួក វណ្ណា មេប៉ុស្ដិ៍នគរបាលព្រែកថ្មី បានអះអាងថា តាមព័ត៌មាន ដែល លោកទទួល បាន គឺមេតុងទីនរូបនេះ ជំពាក់លុយកូនៗ សរុបប្រមាណ៣០ម៉ឺនដុល្លារប៉ុណ្ណោះ មិន ដល់៧០ម៉ឺនដុល្លារនោះទេ ។ ក្រោយកូនៗនាំ គ្នាព័ទ្ធផ្ទះ មេតុង ទីនរូបនេះ បានសន្យាថា រូប គេមិនរត់ចោលទៅណានោះទេ ហើយកំពុង រកលុយសងបណ្ដោះ តែដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ស្រាប់តែមានការភ្ញាក់ផ្អើលថា មេតុង ទីននេះរត់បាត់ទៅហើយ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល